ឩកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោក ចាន់ សម័យ

11404

តារាចម្រៀង ចាន់ សម័យ កាលពីល្ងាចថ្ងៃទី ២០ ខែឧសភានេះ ត្រូវបានលោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះដែលជាអំណោយរបស់ សម្ដេច តេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូននៅក្នុងបុរីឡេងណាវ៉ាត្រា ស្ថិតនៅជិតផ្សារទួលពង្រ ។ ពិធីប្រគល់នេះ មិនត្រូវបានធ្វើឡើងអធឹកអធមនោះទេ ដោយគ្រាន់តែមានការចូលរួមប្រគល់ជូនដោយវត្តមាន លោកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង ស្ថាបនិក សមាគម មិត្ត ស្ម័គ្រចិត្ត សិល្បៈ ជួយ សង្គមតែប៉ុណ្ណោះ ។

ផ្ទះដែល សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទិញឲ្យតារាចម្រៀង ចាន់ សម័យ នោះគឺជា ប្រភេទវីឡា តឿមានសល់ដីជុំវិញផ្ទះ និងជាប្រភេទផ្ទះដែលមានតម្លៃខ្ពស់នៅក្នុង បុរី ឡេងណាវ៉ាត្រា គម្រោងទី ៦ នោះ ។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា តារាចម្រៀង លោក ចាន់ សម័យ ពិតជាមានសំណាងណាស់ ដែលបានសម្ដេចទាំងពីរ អាណិតអាសូរ ហើយទិញ ផ្ទះឲ្យនៅក្នុងបុរីរបស់លោក ហើយលោក ឧកញ៉ា បញ្ជាក់ថា ក៍ជាមោទនភាព និង ជាមហាកិត្តិយស ផងដែរ ដែល សម្ដេចទាំងពី របានជ្រើសផ្ទះឱ្យលោក ចាន់ សម័យ នៅក្នុង បុរី ឡេងណាវ៉ាត្រា របស់លោក ។

លោក ចាន់ សម័យ រឹតតែបានសម្ដែងអារម្មណ៍សប្បាយរីករាយ ខណៈដែលលោកបញ្ជាក់ថា ក្រោយពេលធ្លាក់ខ្លួន លោកមិនដែលស្រម៉ៃសោះ ថានឹងមានផ្ទះរស់នៅថ្លៃថ្នូរបែបនេះ ។ ម្ចាស់ បទ “សុំ មេ មាន់ មួយ” លោក ចាន់ សម័យ បន្តថា លោកមានតែការអរគុណ ដល់ សម្ដេចទាំងពីរ ប៉ុណ្ណោះដែលមានទឹកចិត្តប្រោសប្រណី ដល់រូបលោក និង ក្រុមគ្រួសារដោយលោកប្រកាសថា ចាប់ពីពេលនេះតទៅ លោកនឹងឈប់រស់នៅផ្ទះជួលទៀតហើយ ព្រោះមានផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅនឹងគេ ។ លោក ចាន់ សម័យ ក៍បានសំពះជូនពរ សម្ដេចទាំងពីរ ឱ្យបានសម្រេចនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ។

គួរបញ្ជាក់ផងដែរថា លោក ចាន់ សម័យ បានប្រលូកលើវិស័យចម្រៀងប្រមាណជាង ១០ ឆ្នាំមកហើយ ប៉ុន្តែដោយសារការធ្លាក់ចុះទីផ្សារ និងកើតមានជំងឺរបេង ឆ្អឹង តាំងពីអាយុ ១៤ ឆ្នាំ តែទើបចាប់ផ្ដើមធ្វើទុក្ខខ្លាំង ៥ ឆ្នាំចុងក្រោយ ទើបបណ្ដាលឱ្យលោកធ្លាក់ខ្លួនដុនដាប ។ លោកត្រូវគេឃើញរស់នៅយ៉ាងលំបាកក្នុងផ្ទះជួលមួយកន្លែងនៅខណ្ឌជ្រោយចង្វារ ហើយបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាត លោកក៍ទទួលបានការអាណិតពីសប្បុរសជន ។ ក្នុងនោះសម្ដេចទាំងពីរក៍បានប្រកាសផ្ដល់ផ្ទះដែលទើបប្រគល់នេះជូនលោកតែម្ដង ។ បច្ចុប្បន្នលោកចាប់ផ្ដើមហើបទីផ្សារចម្រៀងវិញហើយ ដោយផលិតកម្ម Galaxy របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៍ទទួលឱ្យលោកច្រៀងផងដែរ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី