
ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមលុយប្រមាណជាង ១៣៤ លានផោនដើម្បីទិញយកកីឡាករវ័យក្មេង Joao Felix ពីក្លឹប Benfica នៃប្រទេស Portugal ។
បើយោងតាមសារព័ត៌មានក្នុងស្រុករបស់ព័រទុយហ្គាល់បានចុះផ្សាយឱ្យដឹងថា ក្លឹប Manchester United ត្រៀមចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីប្រជែងយកខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំសញ្ជាតិព័រទុយហ្គាល់ គឺកីឡាករ Joao Felix បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបានចំនួន ២០ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១១ គ្រាប់នៅក្នុងរដូវកាល ២០១៨/២០១៩ នេះជាមួយ Benfica ។
Felix ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាក្លឹបយក្សៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់កីឡាកររូបនេះបង្ហាញទម្រង់លេងល្អស្ទើរមិនគួរឱ្យជឿនៅព័រទុយហ្គាល់ ។ Felix ក៏ត្រូវបានទាក់ទងពីក្លឹប Manchester City ដើម្បីចង់យកមកជំនួសប្រសិនបើ Leroy Sane ចាកចេញទៅក្លិប Bayern Munich ផងដែរ ។ ដោយឡែកឯក្លិប Real Madrid ក៏ចង់បានយុវជនរូបនេះដែរតាំងពីខែមេសាមកម្លេះដើម្បីសម្រួលនៅតំបន់ប្រយុទ្ធដែលកំពុងមានបញ្ហា ៕
ដោយ៖ តារា