បិតាក្រុមហ៊ុន Huawei អំពាវនាវឱ្យប្រឆំាងនឹងនិន្នាការជាតិនិយមជ្រុល តែត្រូវគិតពីគុណភាពវិញ

15288

ស្ថាបនិកក្រុមហ៊ុន Huawei លោក រិន ចេងហ្វ៊ៃ បានអំពាវនាវឱ្យប្រឆាំងនឹងនិន្នាការជាតិនិយមជ្រុល ពោលគឺលោកមិនចង់ឲ្យការទិញផលិតផលរបស់ក្រុមហ៊ុនលោក គឺត្រូវបានជំរុញដោយសារតែចលនាស្នេហាជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែការជឿជាក់លើគុណភាពផលិតផលទាំងនោះ ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិនរូបនេះ បានអះអាងថា ការពន្យារពេល ៩០ ថ្ងៃក្នុងការអនុវត្តន៍បម្រាមលើក្រុមហ៊ុន ហូវៃ គឺគ្មានន័យអ្វីឡើយ ហើយ ហូវៃ ក៏បានត្រៀមខ្លួនពេញលក្ខណៈផងដែរ ។ លោក ចេងហ៊្វៃ បានបន្ថែមថា នៅក្នុងវិស័យ 5G ក្រុមហ៊ុនលោកកំពុងតែនាំមុខគេ ហើយលោកនិយាយទៀតថា ពុំមានក្រុមហ៊ុនណាអាចតាមទាន់បច្ចេកវិទ្យា 5G របស់ Huawei ក្នុងរយៈពេល ២ ឆ្នាំទៅ ៣ ឆ្នាំខាងមុខឡើយ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei បានរងសម្ពាធពីសហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរក្នុងគ្រាដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅ ដែលហាមក្រុមហ៊ុនអាមេរិកធ្វើប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាល ។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក បានសម្រេចពន្យារពេលអនុវត្តន៍បម្រាមនេះសិន សម្រាប់រយៈពេល ៩០ ថ្ងៃ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី