ក្ដីសុបិន្តដែលមាន ៤៨ ក្រុមក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាត្រូវរលាយ

13697
  • សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) បានបោះបង់ចោលនូវផែនការបង្កើនចំនួនក្រុមប្រកួតពី ៣២ ទៅ ៤៨ ក្រុមក្នុងការប្រកួត FIFA World Cup 2022 ហើយ ។ ប្រធាន FIFA លោក Gianni Infantino ធ្លាប់បានប្រកាស និងស្នើសុំសម្រាប់ការបង្កើនចំនួនក្រុមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកពីចំនួន ៣២ ក្រុម ឡើងទៅដល់ ៤៨ ក្រុមសម្រាប់ការប្រកួតចាប់ពីឆ្នាំ ២០២២ ទៅតែម្តង ប៉ុន្តែស្ថាប័នគ្រប់គ្រងវិន័យរបស់ FIFA បានយល់ថា វាពិតជាមិនអាចទៅរួចឡើយ ។

    FIFA យល់ថា ប្រទេសកាតា តែម្នាក់ឯងពិតជាមិនអាចរៀបចំបានល្អសម្រាប់ការប្រកួតច្រើនបែបនេះទេ ។ ទោះជាយ៉ាងណាក៏ដោយ កាតា ពិតជាត្រូវការការសហការពីប្រទេសជិតខាងណាមួយបន្ថែមទៀត ដើម្បីធ្វើជាសហម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កំពូលនៃកីឡាបាល់ទាត់នេះ ។ ដោយឡែកបើគិតពីបញ្ហានេះដែរ កាតា ទំនងជាពិបាកក្នុងការស្នើសុំសហការជាមួយប្រទេសផ្សេងក្នុងតំបន់ដូចជា អារ៉ាប់រួម បារ៉ែន ឬ អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរួមគ្នាណាស់ ដោយសារតែបញ្ហាប្រេះស្រាំនៃទំនាក់ទំនងនយោបាយ និង សេដ្ឋកិច្ចរវាងប្រទេសទាំងនេះជាមួយនឹងប្រទេសកាតា ។

    FIFA បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ ” បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ហ្មត់ចត់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងសន្និដ្ឋានថា កាលៈទេសៈនេះវាពិតជាមិនអាចទៅរួចឡើយសម្រាប់ការបង្កើនចំនួនក្រុមឱ្យដល់ ៤៨ ។ FIFA និង កាតា នឹងព្យាយាមពិនិត្យទៅលើលទ្ធភាពនានាចំពោះផែនការនេះ ” ។

    ទោះជាយ៉ាងណាក៏ដោយ យើងនឹងអាចបានឃើញការប្រកួតរបស់ FIFA World Cup លើកដំបូងបង្អស់ដែលមានក្រុមចំនួន ៤៨ ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត FIFA World Cup ២០២៦  ដែលសហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៊ិក បានសហការធ្វើជាម្ចាស់ផ្ទះរួមគ្នា ៕

    ដោយ៖ តារា

    ប្រភព :
    FIFA
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី