ច័ន្ទដាណែត សំណូមពរដល់ទស្សនិកជនកុំវាយតម្លៃអ្នកសិល្បៈថា «បើចង់ល្បីទាល់តែដោះដូរខ្លួនប្រាណ»

81630
  • ដូចដែលទស្សនិកជនបានជ្រាបរួចមកហើយថា តារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត ជាតារាទើបតែប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែនតែនាងហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនមិនចាញ់តារាសម្តែងផ្សេងៗប៉ុន្មានទេជាពិសេសលេចធ្លោរខ្លាំងក្រោយសម្តែងតួកាចឆ្នាស់ឈ្នានីសក្នុងរឿង «ផ្កាថ្ម» ដែលបានដាក់បញ្ចាំងកន្លងមក និងរឿង «មុខកាំបិតមុខស្នេហ៍» ដែលកំពុងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃ ។ ទន្ទឹមនឹងទីផ្សារសិល្បៈលើកកូដខ្លាំង ហើយមានមតិទស្សនិកជនមួយចំនួនបានវាយតម្លៃអ្នកសិល្បៈថា «បើចង់ល្បីទាល់តែដោះដូរខ្លួនប្រាណ» តារាស្រីរូបនេះបានធ្វើការឆ្លើយតប និងសំណូមពរដល់ទស្សនិកជនឈប់គិតបែបនេះព្រោះនាងថា អ្នកសិល្បៈមិនដូចអ្វីដែលទស្សនិកជនឃើញតែសំបកខាងក្រៅនោះទេ ពោលរាល់ភាពល្បីល្បាញសុទ្ធតែកើតដោយការប្រឹងប្រែង និងការក្តាប់យកឱកាស ។

    កញ្ញា ប៊ូ ច័ន្ទដាណែត បានឱ្យដឹងថា សម្រាប់នាងផ្ទាល់ទស្សនិកជនអាចវាយតម្លៃដូចលើកឡើងខាងលើដោយសារមានអ្នកសិល្បៈមួយរយៈតូចគឺបានធ្វើអ្វីដូចទស្សនិកជនលើកឡើងមែន ប៉ុន្តែចំពោះនាងផ្ទាល់ការដែលល្បីល្បាញមានទីផ្សារឡើងកូដខ្លាំងនោះ គឺមិនមែនទាល់តែដោះដូរខ្លួនប្រាណនោះទេ ពោលគឺពឹងលើសមត្ថភាព ទេពកោសល្យ ការឱ្យតម្លៃលើការងារ និងការក្តាប់យកឱកាសទៅវិញទេទើបធ្វើឱ្យមានប្រជាប្រិយភាពកើនឡើងខ្លាំង ។ នាងថាការមានទីផ្សារ ព្រោះតែគោរពពេលវេលាត្រូវធ្វើអ្វីតាមដែលអ្នកដឹកនាំចង់បាន ដល់ថ្នាក់ពេលខ្លះត្រូវអ្នកដឹកនាំជេរនិងយំពេលកំពុងសម្តែងក៏មាន ដូច្នេះនាងសំណូមពរដល់ទស្សនិកជន បញ្ឈប់ការគិតថា «បើចង់ល្បីទាល់តែដោះដូរខ្លួនប្រាណ» នេះតទៅទៀតព្រោះភាគច្រើនមិនដូច្នោះទេពោលគឺគ្រប់យ៉ាងសុទ្ធតែកើតឡើងពីការខិតខំប្រឹងប្រែងតែមួយគត់ ។

    គួរជម្រាបថា ប៊ូ ច័ន្ទដាណែត បានប្រឡូកក្នុងវិថីសិល្បៈនៅឆ្នាំ ២០១៧ ពោលបើគិតមកទល់នឹងពេលនេះគឺទើបតែបាន ២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើងាកមកសន្ទុះទីផ្សារវិញ គឺមិនចាញ់តារាផ្សេងៗទៀតប៉ុន្មានទេបើនិយាយឱ្យចំសឹងតែស៊ីដាច់តារាមួយចំនួនហើយដោយសារសមត្ថភាពទេពកោសល្យនៅការសម្តែង ខណៈភាគច្រើនទទួលបានតំណែងជាតួសំខាន់ៗក្នុងខ្សែភាពយន្ត ។ អ្វីដែលពិសេសនាងមានជំនាញសម្តែងជាតួឯកស្រីនៅក្នុងរឿង «រវាងយើង» ដែលទទួលបានរហូតដល់ ៤ តួអង្គ និង ៤ អត្តចរិតក្នុងពេលតែមួយទៀតផងទាំងនេះអាចបង្ហាញថា ទោះទើបប្រឡូកសិល្បៈតែមានសមត្ថភាពល្អគួរឱ្យសរសើរ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី