លោក Duterte ជួលឱ្យកប៉ាល់ឯកជនដឹកសម្រាម ៦៩ កុងតឺន័រទៅចោលនៅប្រទេសកាណាដា វិញ

44925
  • ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាឱ្យរដ្ឋបាលរបស់លោក ជួលកប៉ាល់របស់ក្រុមហ៊ុនឯកជនដឹកជញ្ជូនសំរាមចំនួន ៦៩ កុងតឺន័រត្រឡប់ទៅប្រទេសកាណាដា វិញ ហើយបើ កាណាដា មិនទទួលយកទេត្រូវបោះចោលនៅលើដី កាណាដា តែម្ដង ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យលោក Duterte ។

    យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩ បានឱ្យដឹងដោយផ្អែកតាមអ្នកនាំពាក្យប្រធានាធិបតី គឺលោក Salvador Panelo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” ប្រទេសហ្វីលីពីនដែលជាប្រទេសឯករាជ្យមិនត្រូវចាត់ទុកជាកន្លែងដាក់សំរាម ដោយប្រទេសបរទេសដទៃទៀតឡើយ ” ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Duterte កាលពីដើមខែឧសភាបានគំរាមប្រកាស “ធ្វើសង្គ្រាម” ជាមួយនឹងប្រទេសកាណាដា ប្រសិនបើសំរាមមិនត្រូវបានយកចេញពីប្រទេសរបស់ខ្លួននោះទេ ។

    លោក Duterte បានព្រមានថា ប្រសិនបើប្រទេសកាណាដា មិនគោរពតាមប្រទេសហ្វីលីពីននោះទេ ហ្វីលីពីនឹងបោះចោលសំរាមនៅលើឆ្នេរសមុទ្រកាណាដា តែម្តង ។ ឆ្លើយតបទៅនឹងការព្រមាននេះ ប្រទេសកាណាដា នៅទីបំផុតត្រូវបានគេរាយការណ៍ថា បានសម្រេចឱ្យយកកុងតឺន័រផ្ទុកសំរាមនោះត្រឡប់មកវិញ ។

    សូមជម្រាបថា សំរាមរាប់សិបកុងតឺន័រដែលត្រូវបានដាក់ឈ្មោះថា ជាវត្ថុធាតុដើមដែលអាចកែច្នៃ ត្រូវបានដឹកជញ្ជូនចូលមកប្រទេសហ្វីលីពីន ដោយអង្គភាពឯកជនមួយរបស់ កាណាដា ក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ នៅក្នុងអ្វីដែលរដ្ឋាភិបាលទីក្រុងអូតាវ៉ា និយាយថា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ទោះជាយ៉ាងណាកុងតឺន័រទាំងនោះដែលបានមកដល់ទីក្រុងម៉ានីល បានប្រែទៅជាពោរពេញទៅដោយសំរាមគ្រួសារទៅវិញ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី