នៅ ស្រីពៅ ប្តេជ្ញាពង្រឹងការហ្វឹកហាត់ទេ្វដងដើម្បីសងសឹក ព្រី សិលា នៅ ONE Championship

20958
  • ក្រោយរងបរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះឥណ្តូនេស៊ី កីឡាការិនី ព្រី សិលា ហៀតាទីឡាំបាហ្គោល កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ នៃកម្មវិធីប្រដាល់អន្តរជាតិប្រចាំទ្វីបអាស៊ី ONE Championship ដែលធ្វើឡើងនៅក្នុងទឹកដីប្រទេសឥណ្តូនេស៊ី ស្រី្តអ្នកលេងគុនចម្រុះកម្ពុជា នៅ ស្រីពៅ អះអាងថា នឹងពង្រឹងការហ្វឹកហាត់ទ្វេដង បង្កើនបច្ចេកទេស និងបទពិសោធន៍ស្វែងរកជ័យជំនះ ២ ប្រកួតទៀតនៅសង្វៀនប្រដាល់នៃកម្មវិធី ONE Championship ដើម្បីឡើងទៅប្រកួតសងសឹកជាមួយកីឡាការិនី ព្រី សិលា ។

    ស្រីពៅថា ការរងបរាជ័យចាញ់ដោយពិន្ទុក្រោមថ្វីដៃកីឡាការិនីឆ្នើម ព្រី សិលា កាលពីថ្ងៃ ទី ៣ កន្លងទៅនេះ គឺជាបទពិសោធន៍មួយសម្រាប់ការប្រកួតក្រោយៗទៀត ដែលនាងចាំបាច់ត្រូវតែខិតខំហ្វឹកហាត់ពង្រឹងរាល់ចំណុចខ្វះខាតដូចជាក្បាច់ក្លេ និងក្បាច់វាយសន្ធាប់គូប្រកួតពីលើជាដើម ហើយក្បាច់ទាំងពីរនេះគឺជាក្បាច់ ដែល សិលា ប្រើប្រាស់ដើម្បីយកឈ្នះនាង ។
    ស្រ្តីអ្នកលេងគុនចម្រុះរូបនេះ ថែមទាំងអះអាងទៀតថា បើមានឱកាសជួបកីឡាការិនី ពី្រ សិលា ម្តងទៀតដូចអ្វីដែលនាងរំពឹងទុកនោះ នាងជឿជាក់ថា នាងប្រកដជាអាចដណ្តើមជ័យជំនះបាន ។

    សូមបញ្ជាក់ថា កីឡាការិនី នូវ ស្រីពៅ អាចឡើងទៅជួប ព្រី សិលា ហៀតាទីឡាំបាហ្គោល ម្តងទៀតបាននៅក្នុងកម្មវិធីប្រដាល់ ONE Championship ទាល់តែកីឡាការិនី នៅ ស្រីពៅ ដណ្តើមបានជ័យជម្នះ ២ ប្រកួតទើបមានឱកាសជួបសងសឹក ។
    សូមជម្រាប់ថា ស្រី្តអ្នកលេងគុនចម្រុះកម្ពុជា នៅ ស្រីពៅ ទើបតែឡើងសង្វៀនប្រដាល់អន្តរជាតិ ONE Championship បានពីរលើកប៉ុណ្ណោះ ដោយលើកទី១ នៅប្រទេសថៃយកឈ្នះកីឡាការិនីថៃកូនកាត់ជប៉ុន និងលើកទី ២ នៅប្រទេសឥណ្តូនេស៊ីកាលពីថ្ងៃទី ៣ ខែ ឧសភា ចាញ់កីឡាការិនីម្ចាស់ផ្ទះដោយពិន្ទុ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី