បន្ទាប់ពី PSG ចាញ់ដ៏អាម៉ាស់ នោះធ្វើឱ្យ Messi គ្រងពានរង្វាន់ស្បែកជើងមាសជាលើកទី ៦ ក្នុងអាជីព

9960

បើយោងតាម Evening Standard បានឱ្យដឹងថា បន្ទាប់ពី Paris Saint-Germain រងបរាជ័យ ៣-១ ក្នុងការប្រកួតបិទរដូវកាលនៃក្របខ័ណ្ឌ Ligue 1 ក្រោមថ្វីជើងក្រុម Stade Reims ធ្វើឱ្យ Kylian Mbappe បាត់បង់ឱកាសប្រជែងយកស្បែកជើងមាស ក្រោយពីកីឡាកររូបនេះស៊ុតបញ្ចូលបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតនោះ ។

នោះមានន័យថា Lionel Messi បានបន្តឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបចំនួន ៣ រដូវកាលជាប់ៗគ្នា និងបានបង្កើតកំណត់ត្រាថ្មីមួយផ្សេងទៀតផងដែរ ។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះបានបញ្ចប់រដូវកាលជាមួយនឹងការស៊ុតបញ្ចូលទីសរុបចំនួន ៥០ គ្រាប់ ដែលក្នុងនោះ ៣៦ គ្រាប់ស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ La Liga ។ Messi អាចរកគ្រាប់បាល់បន្ថែមទៀត ប្រសិនបើរូបគេស៊ុតបញ្ចូលទីក្នុងជំនួបជាមួយក្រុម Valencia ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅយប់ថ្ងៃសៅរ៍នេះ ។

សូមបញ្ជាក់ផងដែរថា ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល Lionel Messi គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ប្រចាំទ្វីបអឺរ៉ុបសម្រាប់ ៣ រដូវកាលជាប់ៗគ្នា និងធ្វើឱ្យគេក្លាយជាកីឡាករដំបូងបំផុតដែលឈ្នះពានរង្វាន់ Golden Shoe ចំនួន ៦ លើកក្នុងអាជីពរបស់គេគិតត្រឹមឆ្នាំនេះ ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី