ទិញក្លឹបខ្មែរផង!! មេក្លឹប Manchester City កំពុងពិចារណាទិញក្លឹបមួយនៅលីគកំពូលម៉ាឡេស៊ី

74192
  • នាយកប្រតិបត្តិក្លឹប Manchester City មានបំណងចង់ទិញក្លឹបមួយក្នុងក្របខណ្ឌ Malaysia Super League ។ បំណងចង់ទិញក្លឹបនេះគឺបន្ទាប់ពីលោក Ferran Soriano នាយកប្រតិបត្តិក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេសនេះបានទៅបំពេញទស្សនកិច្ចក្នុងប្រទេសម៉ាឡេស៊ី ។

    យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងទេថា តើក្លឹបណាមួយដែលនឹងក្លាយជាភាគហ៊ុនរបស់សម្ព័ន្ធក្លឹប Manchester City (City Football Group) នោះទេ ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីកីឡាកររបស់ម៉ាឡេស៊ី លោក Syed Saddiq នាយកប្រតិបត្តិក្លឹប Man City ដែលបានបញ្ជាក់ពីបំណងចង់សហការវិនិយោគជាមួយនឹងម៉ាឡេស៊ី ហើយបំណងនេះត្រូវបានទទួលស្វាគមន៍បំផុតពីខាងម៉ាឡេស៊ី ។

    រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ីបានលើកឡើងថា៖ ” នេះគឺជាប្រវត្តិសាស្ត្របាល់ទាត់របស់ម៉ាឡេស៊ី ពេលដែលលោក Soriano សម្រេចចិត្តមកម៉ាឡេស៊ី ហើយពិភាក្សាការងារជាមួយយើង ។ ជំនួបនេះគឺដើម្បីឱ្យដឹងថា យើងអាចសហការគ្នាយ៉ាងជិតស្និទ្ធលើកការអភិវឌ្ឍន៍កីឡា ។ ហើយយើងនឹងមានការពិភាក្សាជាច្រើនទៀតដូចជា លទ្ធភាពដែល Man City អាចទិញក្លឹបណាមួយក្នុងប្រទេសម៉ាឡេស៊ី ជាដើម ។ នេះគឺអាចធានាថា នឹងមានគម្រោងអភិវឌ្ឍន៍បាល់ទាត់ក្នុងរយៈពេលយូរនៅទីនេះ ” ។

    ចំណែកលោក Soriano បានអះអាងថា៖ ” យើងចង់ពិភាក្សាជាមួយគ្រប់វិនិយោគិនក្លឹបបាល់ទាត់ម៉ាឡេស៊ីទាំងអស់ដើម្បីស្វែងរកផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការ ។ យើងឃើញថា ម៉ាឡេស៊ីគឺជាកន្លែងផ្តល់ឱកាសសម្រាប់បាល់ទាត់ ។ ហើយសន្ទុះនៃអ្នកគាំទ្រក៏ខ្លាំងក្លា ។ ការអភិវឌ្ឍន៍នៃបាល់ទាត់ម៉ាឡេស៊ី និងលីគប្រកួតកាលពីឆ្នាំមុនដែលវិនិយោគដោយរដ្ឋាភិបាលបានបង្ហាញឱ្យឃើញថា ម៉ាឡេស៊ីគឺជាទីផ្តល់ឱកាសយ៉ាងអស្ចារ្យបំផុត ។ យើងចង់ស្វែងយល់រួមគ្នាជាមួយនឹងពលរដ្ឋម៉ាឡេស៊ី និងគ្រួសារបាល់ទាត់ម៉ាឡេស៊ី ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី