Mourinho ៖ វាជារឿងពិបាកទទួលយកបំផុតសម្រាប់លោក Klopp ដែលបរាជ័យ UCL ម្ដងទៀត

8887

អ្នកចាត់ការក្លឹបហង្សក្រហម Liverpool គឺលោក Jurgen Klopp នឹងពិបាកទទួលយកណាស់ ប្រសិនបើ Liverpool ត្រូវរងបរាជ័យក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League សារជាថ្មី នេះបើយោងតាមសម្ដីរបស់លោក Jose Mourinho ។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ ៥១ ឆ្នាំរូបនេះបានដឹកនាំក្រុមហង្សក្រហម Liverpool ប្រកួតចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន ។ លោកក៏ធ្លាប់រងបរាជ័យស្រដៀងគ្នានេះម្ដងដែរកាលដែលលោកដឹកនាំក្រុម Borussia Dortmund ដែលចាញ់ក្រោមថ្វីជើងក្លឹប Bayern Munich កាលពីឆ្នាំ ២០១៣ ។ លោក Mourinho ដែលធ្លាប់ដឹកនាំក្រុមឱ្យឈ្នះការប្រកួតតំណែងជើង UCL ចំនួន ២ លើកបាននិយាយថា បើលោក Klopp ត្រូវបរាជ័យម្ដងទៀតគាត់ប្រាកដជាឈឺចាប់ណាស់ ។

លោក Mourinho បាននិយាយប្រាប់សារព័ត៌មាន Sky Sports News ថា៖ ” បើលោក Jurgen ឈ្នះគឺជាសមិទ្ធផលមួយដ៏ធំសម្រាប់គាត់ ។ បើគាត់បរាជ័យអ្នកគិតមើលទៅបើបរាជ័យវគ្គផ្ដាច់ព្រ័ត្រ Champions League ៣ លើកជារឿងមួយដែលពិបាកទទួលយកបានណាស់ ។ ប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលមានការយល់ឃើញវិជ្ជមាន ខ្ញុំជឿជាក់ថាគាត់គិតតែពីជ័យជម្នះប៉ុណ្ណោះ ។ ក្នុងនាមជាអ្នកចាត់ការម្នាក់ ហើយដោយសារខ្ញុំយល់ពីអារម្មណ៍ដែលធ្លាប់ឈ្នះការប្រកួតផ្ដាច់ព្រ័ត្រ Champions League ខ្ញុំដឹងថា វាក៏មានផ្នែកដែលអវិជ្ជមានដែរ ហើយផ្នែកនោះគឺថានឹងមានក្រុមមួយចាញ់ និងមានអ្នកចាត់ការម្នាក់ដែលបរាជ័យ ” ។

សូមរំលឹកផងដែរថា ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFF Champions League ជាលើកទី ២ ជាប់ៗគ្នា (បន្ទាប់ពីរដូវកាលមុន) ដោយត្រូវជួបជាមួយក្រុមរបស់លោក Mauricio Pochettino មាន់ខ្នាយមាស Tottenham Hotspur នៅទីក្រុងម៉ាឌ្រីដ នាយប់ថ្ងៃទី ១ ខែមិថុនា ខាងមុខនេះ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី