Messi ៖ ការចាញ់ Liverpool ដ៏អាម៉ាស់ មិនមែនជាកំហុសលោក Valverde ទេ តែវាជាកំហុសកីឡាករ

6742

ខ្សែប្រយុទ្ធ Lionel Messi បានចេញមុខមកការពារគ្រូបង្វឹកលោក Ernesto Valverde ចំពោះការបរាជ័យនៅ UEFA Champions League ក្រោមថ្វីជើងក្រុម Liverpool ដោយរូបគេបាននិយាយថា ខ្លួន និងមិត្តរួមក្រុមគឺសាកសមនឹងទទួលការស្ដីបន្ទោសនេះ ។

Barcelona ត្រូវបានគេរំពឹងខ្ពស់ស្ទើរតែ ១០០ ភាគរយទៅហើយដែលនឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League បន្ទាប់ពីទទួលបានជ័យជម្នះ ៣-០ នៅជើងទី១ ក្នុងផ្ទះខ្លួន ប៉ុន្តែអ្វីៗបានប្រែប្រួលស្ទើរមិនគួរឱ្យជឿដែល Liverpool បានវាយបកទម្លាក់វិញនៅជើងទី២ ក្នុងលទ្ធផល ៤-០ នៅទឹកដី Anfield នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

វាជា ២ ឆ្នាំជាប់ៗគ្នាហើយ ដែលម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga មួយនេះស៊ីគេ ៣ គ្រាប់មុននៅជើងទី១ តែបែជាត្រូវជាគេវាយបកទម្លាក់វិញនៅជើងទី២ ខណះកាលពីរដូវកាលមុខក៏ត្រូវក្រុមខ្លាំងរបស់អ៊ីតាលី AS Roma ទម្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយផងដែរ ។ ការធ្លាក់ត្រឹមវគ្គ ៤ ក្រុមចុងក្រោយនេះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Valverde ត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង ប៉ុន្តែ Messi បានចេញមុខមកការពារអ្នកចាត់ការរូបនេះ ដោយអះអាងថាបញ្ហានេះគួតែស្ដីបន្ទោសកីឡាករវិញ ។

ប្រធានក្រុមរបស់ Barcelona វ័យ ៣១ ឆ្នាំ Lionel Messi បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំគិតថាគ្រូបង្វឹករូបនេះបានបំពេញការងារដ៏គួរឱ្យចាប់អារម្មណ៍ ។ ខ្ញុំគិតថាការបរាជ័យទល់នឹងក្រុម Liverpool គាត់ពិតជាគ្មានកំហុសទេ ។ ពួកយើងតែមួយគត់ដែលត្រូវស្តីបន្ទោសចំពោះការប្រកួតនោះ ” ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី