តួ James Bonds ត្រៀមវះកាត់កជើង បន្ទាប់ពីលោកជួបគ្រោះថ្នាក់ក្នុងឈុតថតរឿង Bond 25

27314
  • យោងតាមសារព័ត៌មាន Dailymail គេបានដឹងថា លោក Daniel Craig កំពុងត្រៀមខ្លួនក្នុងការវះកាត់កជើងរបស់ខ្លួន ក្រោយពីលោកបានជួបគ្រោះថ្នាក់ក្នុងឈុតមួយស្របពេលកំពុងថតរឿង « Bond 25 »កាលពីសប្តាហ៍មុននេះ ។

    ប្រភពដដែលបានបញ្ជាក់ទៀតថា តារាសម្តែងវ័យ ៥១ ឆ្នាំរូបនេះត្រូវការការវះកាត់លើប្រអប់ជើងតែម្តង ហើយយ៉ាងហោចណាស់ក៏ត្រូវការរយៈពេល ២ សប្តាហ៍ដែរដើម្បីឱ្យរបួសជាសះស្បើយទាំងស្រុង ។ បញ្ហារបួសរបស់លោក Daniel បានកើតឡើងពេលដែលលោកថតឈុតមួយក្នុងរឿង « Bond 25 » នៅក្នុងប្រទេសចាម៉ៃកា តែវាមិនធ្ងន់ធ្ងរពេកទេ ព្រោះបើតាមសម្តីគ្រូពេទ្យវាគ្រាន់តែជារបួសស្រាលគ្រាន់តែត្រូវការការមើលថែទាំដិតដល់បន្តិចដើម្បីជាសះស្បើយឱ្យបានឆាប់ ។

    យ៉ាងណាក្តីបើទោះបីជាតួឯកមានបញ្ហារបួសចៃដន្យក៏ដោយបើតាមសម្តីរបស់ផលិតករការចាក់ផ្សាយរឿង « Bond 25 » នឹងនៅតែរក្សាដដែលដោយរឿងនេះនឹងចាក់ផ្សាយនៅខែមេសាឆ្នាំ ២០២០ ។ គួរបញ្ជាក់ដែរថា លោក Daniel បានសម្តែងជាតួ James Bonds ឬ ភ្នាក់ងារ ០០៧ ជាច្រើនឆ្នាំរួចហើយដោយរឿង Bond 25 នេះគឺជារឿងចុងក្រោយសម្រាប់លោកក្នុងការសម្តែង ជាតួអង្គពូកែបាញ់បោះរូបនេះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី