លោក ត្រាំ អះអាងថា ជប៉ុនបានយល់ព្រមទិញយន្តហោះបំបាំងកាយពីអាមេរិក ចំនួន ១០៥ គ្រឿង

19025

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសជប៉ុនបានយល់ព្រមទិញយន្តហោះបំបាំងកាយ F-35 ( Stealth figter jet ) របស់អាមេរិកចំនួន ១០៥ គ្រឿងដែលនេះជាការទិញដ៏ធំបំផុតក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក ។ លោកបញ្ជាក់ដូច្នេះកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ ក្រោយជំនួបជាមួយលោក អាបេ ស៊ីនហ្ស៊ូ នៅទីក្រុងតូក្យូ ។

ជាមួយគ្នានេះលោក ដូណាល់ ត្រាំ បានអួតអាងថា យន្តហោះចម្បាំងទាំងនេះគឺលោកអ្នក «មិនអាចមើលឃើញបានឡើយ» ។ ការយល់ព្រមទិញយន្តហោះដែលមានតម្លៃសរុបប្រមាណ ១០ ពាន់លានដុល្លារនេះ ត្រូវបានប្រទេសទាំង ២ ពិភាក្សាគ្នាតាំងពីខែធ្នូ ឆ្នាំ ២០១៨ ខណៈដែលរដ្ឋាភិបាលលោក អាបេ ស៊ីនហ្ស៊ូ អនុម័តបង្កើនការទិញយន្តហោះចម្បាំងរបស់ក្រុមហ៊ុនអាមេរិក Lockheed Matin នេះ ។

ការសម្រេចយល់ព្រមបែបនេះ បន្ទាប់ពីយន្តហោះចម្បាំងប្រភេទ F-35A ដែលកំពុងបម្រើក្នុងជួរកងទ័ពជប៉ុនបានជួបនូវបញ្ហាបច្ចេកទេសជាច្រើន ពោលគឺកាលពី ២ ឆ្នាំមុន មានយន្តហោះយ៉ាងហោចចំនួន ៧ គ្រឿងបានចុះចតជាបន្ទាន់ ។ មិនតែប៉ុណ្ណោះកាលពីដើមខែមេសា កន្លងទៅនេះ យន្តហោះចម្បាំង ១ គ្រឿងបានបាត់ចេញពីរ៉ាដា ហើយបានធ្លាក់ចូលក្នុងសមុទ្រជប៉ុនភាគខាងជើង ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានរកឃើញទីផ្សារលក់យន្តហោះ F-35 នៅជប៉ុននេះ បន្ទាប់ពីអាមេរិកបានគំរាមផ្អាកកម្មវិធីពាក់ព័ន្ធនឹងយន្តហោះប្រភេទ F-35 ជាមួយតួកគី បន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកមួយនេះបានសម្រេចចិត្តទិញខែលមីស៊ីល S-400 ពីរុស្ស៊ី ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី