ក្រុមបុរាណវិទ្យា បានរកឃើញប្រាសាទថ្មី និង លិង្គព្រះឥសូរប្រវែង ១ ម៉ែត្រ នៅខេត្តក្រចេះ

94654
  • ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានរកឃើញប្រាសាទថ្មីមួយទៀតគឺ «ប្រាសាទអូរក្រសាំង» ស្ថិតក្នុងទីក្រុងសម្ភុបុរៈ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ នេះបើតាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ ។

    លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដប្រមូលទិន្នន័យនៅពុទ្ធសាសនបណ្ឌិត្យលោកបានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និង មន្ត្រីនៃពុទ្ធសាសនបណ្ឌិត្យចុះកម្មសិក្សាអនុវត្តផ្ទាល់នៅទីក្រុងសម្ភុបុរៈនៃអាណាចក្រចេនឡាបុរាណ (ស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ ) ។ ក្រុមស្រាវជ្រាវបានបន្តដំណើរទៅក្បាលកោះរងាវប្រមាណជា ១០ គ.ម ហើយបានជួបសំណេះសំណាលជាមួយអ្នកភូមិអូរក្រសាំង ឃុំបឹងចារ ក៏បានទទួលដំណឹងថា មានទួលកំណប់មួយនៅក្រោយចម្ការរបស់អ្នកភូមិ ហើយនៅរសៀលថ្ងៃទី ២៧ ឧសភា ក្រុមស្រាវជ្រាវក៏បានជួបប្រទះនូវភស្ដុតាងបុរាណវត្ថុជាតឹកតាងប្រវត្តិសាស្រ្ដសំខាន់ៗដូចជា ដុំឥដ្ឋធំៗ ធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់នៃផែនថ្ម និង ជាពិសេស គឺលិង្គព្រះឥសូរ ១ ដេកស្ថិតនៅលើទីទួលប្រហែលជាខឿនប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា ៥,០០០ ម៉ែត្រការ៉េ ។

    សំណល់បុរាណវត្ថុដែលនៅសល់រាយប៉ាយជាសំណល់នៃការលួចជីកកាយដោយក្រុមទុច្ចរិតក្នុងសម័យមុន ក្រុមស្រាវជ្រាវសង្កេតឃើញមានរណ្ដៅនៃផ្ទាំងដាប់ថ្មទំហំ ១០៥ ស.ម x ១០៥ ស.ម បួនជ្រុងជម្រៅប្រមាណជា ៥ ស.ម ។ (ប្រហែលជាចំណុចកណ្ដាលនៃប្រាសាទជាទីតម្កល់លិង្គ) ដាប់ជាប់ពីលើផ្ទាំងថ្មធម្មជាតិបានឃើញស្លាកស្នាមឥដ្ឋប្រមាណជា ៥ ម៉ែត្របួនជ្រុងព័ទ្ធរណ្ដៅថ្មដាប់ខាងលើឃើញទបង្ហូរទឹកមន្តចេញពីប្រាសាទចំនួន ២ បំណែកមេទ្វារអំពីថ្មភក់បែកបាក់ជាច្រើនដុំ ទម្រព្រះបែកបាក់ជាច្រើនដុំ លិង្គចម្លែក ១ នៅខាងកើតគ្រឹះប្រាសាទនោះប្រហែល ៣០ ម៉ែត្រលិង្គនោះមានបណ្ដោយប្រមាណជា ១ ម៉ែត្រ អង្កត់ផ្ចិតប្រមាណជា ៤០ ស.ម គល់ព្រលួញ ២៥ ស.ម ចម្លែកត្រង់ថា លិង្គនេះមិនមានក្បាលមូលទេ ក្បាលចិតស្មើដូចគេកាត់កំណាត់ឈើ និង មានស្រះទឹកមួយនៅទិសខាងកើតប្រហែល ៥០ ម ពីគ្រឹះប្រាសាទ ។

    តាមការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈដែលបានទៅសិក្សាលើទីតាំងចាស់ដែលមានស្រាប់ និង រកឃើញប្រាសាទថ្មីៗថែមទៀតសរុបទាំងអស់ជាង ១០០ ទីតាំងស្ថានីយុបុរាណ និង ប្រាសាទបុរាណ ហើយបានកំពុងតែផ្ទៀងផ្ទាត់ និង សិក្សាលម្អិតទៅលើសំណង់ស្ថាបត្យកម្ម និង រចនាបទនានាដែលទាក់ទងនឹងប្រាសាទថ្មីៗទាំងនោះហើយនឹងផ្សព្វផ្សាយជាសាធារណៈជូននៅពេលខាងមុខឆាប់ៗនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី