កិច្ចប្រជុំស្ដីពី វិន័យ និង ក្រមសីលធម៌ការស្នាក់នៅរបស់ក្រុមជម្រើសជាតិក្នុងមណ្ឌលប្រមូលផ្ដុំ

8110

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ុន សុខ តំណាង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំមួយស្ដីពី វិន័យ និង ក្រមសីលធម៌ការស្នាក់នៅក្នុងមណ្ឌលប្រមូលផ្ដុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ ។ ក្នុងនោះលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលបានផ្សព្វផ្សាយលើបទបញ្ជាផ្ទៃក្នុង ដែលផ្ដោតសំខាន់លើការស្នាក់នៅការហូបចុក និង ការសុំច្បាប់ឈប់សម្រាក ។ លោកប្រធាន បានសង្កត់ធ្ងន់ទៅលើបញ្ហាធំចំនួន ៤ ៖

១.ការធ្វើលិខិតស្នើសុំស្នាក់នៅ គឺអនុញ្ញាតឲ្យស្នាក់នៅបានតែចំពោះគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនីណាដែលមកពីតាមខេត្ត ឬ នៅជាយក្រុងដែលឆ្ងាយពីកន្លែងហាត់ហ្វឹកហ្វឺនតែប៉ុណ្ណោះ ។
២.គ្រូបង្វឹកគ្រូជំនួយ កីឡាករកីឡាការិនីត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង ជាពិសេសគឺការចូលដំណេកនៅត្រឹមម៉ោង ៩:០០ យប់ជាកំហិត និង ការក្រោកគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង ៤ : ៥៥ នាទីព្រឹកជារៀងរាល់ថ្ងៃមុនពេលទៅហាត់ហ្វឹកហ្វឺន ។
៣.សម្រាប់ការចេញចូលមណ្ឌលស្នាក់នៅដាច់ខាតត្រូវតែយកកាតសម្គាល់ខ្លួនរបស់ក្រុមជម្រើសជាតិដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រគល់ជូន ក្នុងគោលបំណងការថែរក្សាសុវត្ថិភាពការស្នាក់នៅរបស់ក្រុមជម្រើសជាតិ ។
៤. អនាម័យក្នុងបន្ទប់ស្នាក់នៅពាក់ព័ន្ធលើការហាលសំលៀកបំពាក់ ការបើកបិទទ្វារ និងសម្រាមនានា ។

ជាចុងក្រោយលោក ប៉ុន សុខ ក៏បានពាំនាំនូវពាក្យពេចន៍ផ្ដាំផ្ញើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនីថា៖ ” នៅពេលដែលបងប្អូនទាំងអស់មានអារម្មណ៍ថា យើងលំបាកបំផុតនោះ សូមបងប្អូនគិតត្រលប់ក្រោយពីជីវិតរបស់យើងពីមុនថា តើយើងទាំងអស់គ្នាបានឆ្លងកាត់ភាពលំបាកបែបណាខ្លះទើបយើងអាចឈានមកដល់កម្រិតមួយនេះ ” ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី