ក្លឹបសម្បូរទ្រព្យជប៉ុនដែល Iniesta កំពុងលេង គ្រោងតែងតាំងលោក Wenger ជាអ្នកចាត់ការ

11588
  • សារព័ត៌មាន Independent បានធ្វើសេចក្ដីរាយការណ៍ថា ក្លឹបមួយនៅក្នុងលីគ J1 របស់ជប៉ុនចាប់អារម្មណ៍ចង់បានលោក Arsene Wenger ទៅដឹកនាំក្លឹបរបស់ពួកគេ ហើយមន្ត្រីរបស់ក្លឹបនេះបានធ្វើដំណើរមកអឺរ៉ុបកាលពីសប្ដាហ៍មុនក្នុងគោលបំណងជួបចរចាជាមួយលោកផ្ទាល់ ។ សារព័ត៌មានខាងលើបានលើកឡើងបន្ថែមទៀតថា ក្លឹបនេះហ៊ានផ្ដល់កម្រៃខ្ពស់ដល់អតីតអ្នកចាត់ការសញ្ជាតិបារាំងរូបនេះឱ្យតែលោកយល់ព្រមទទួលតួនាទីជាអ្នកចាត់ការក្លឹប ។ សេចក្ដីរាយការណ៍បានលើកឡើងថាលោក Wenger នៅកំពុងពិចារណា ហើយមិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយនៅឡើយទេ ។

    ក្លឹប Vissel Kobe ជាក្លឹបមួយក្នុងចំណោមក្លឹបដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលីគ J1 របស់ជប៉ុន ។ ក្លឹបនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយក្សខាងផ្នែកបច្ចេកវិទ្យាគឺក្រុមហ៊ុន Rakuten ដែលជាអ្នកឧបត្ថម្ភក្លឹប FC Barcelona ។ ក្លឹបនេះបានចំណាយប្រាក់ជាច្រើនដើម្បីទាញយកតារាបាល់ទាត់ល្បីៗដូចជាតារាបាល់ទាត់របស់ក្លិប Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញគឺកីឡាករ Andres Iniesta និង David Villa ព្រមទាំងអតីតជើងឯកពិភពលោកកីឡាករ Lukas Podolski ផងដែរ ។

    ទោះជាក្លឹបនេះបានចំណាយអស់ប្រាក់ជាច្រើនយ៉ាងណាក្ដីក៏បច្ចុប្បន្ននេះពួកគេឈរនៅលំដាប់ទី ១៣ ក្នុងតារាងលីគដោយមានត្រឹមតែ ១៣ ពិន្ទុប៉ុណ្ណោះ ។ ពួកគេប្រកួតចាញ់ ៨ លើកក្នុងចំណោម ១៣ ប្រកួតក្នុងរដូវកាលនេះ ។ បច្ចុប្បន្នពួកគេនាំមុខតំបន់គ្រោះថ្នាក់ធ្លាក់ចេញពីលីគតែ ១ ពិន្ទុប៉ុណ្ណោះ ។

    ទន្ទឹមនឹងនេះលោក Arsene Wenger បានកំពុងបន្តស្វែងរកតួនាទីចាប់តាំងពីពេលដែលលោកបានលាឈប់ពីតួនាទីអ្នកចាត់ការក្លឹបកាំភ្លើងធំ Arsenal កាលពីខែឧសភា ឆ្នាំ ២០១៨ មក ។ លោកបានដឹកនាំក្រុមកាំភ្លើងធំអស់រយៈពេល ២២ ឆ្នាំចន្លោះពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ ដោយឈ្នះបានតំណែងជើងឯកលីគកំពូលអង់គ្លេស ៣ លើក ពានរង្វាន់ក្របខ័ណ្ឌ FA Cup ចំនួន ៧ លើក និងពានរង្វាន់ Community Shield ៧ លើកផងដែរ ។ មុនចូលកាន់តួនាទីនៅក្លិបកាំភ្លើងធំ Arsenal លោកបានធ្វើជាគ្រូបង្វឹករបស់ក្លឹប Nagoya Grampus Eight ក្នុងលីគ J-League របស់ជប៉ុន ដោយឈ្នះបានពានរង្វាន់ Emperror’s Cup កាលពីឆ្នាំ ១៩៩៥ និងពានរង្វាន់ Japanes Super Cup នៅឆ្នាំ ១៩៩៦ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី