
Alexis Sanchez បាននិយាយថា អ្វីៗមិនបានកើតឡើងដូចជាការរំពឹងទុកឡើយ ចាប់តាំងពីគាត់បានចាកចេញពី Arsenal មកកាន់ Manchester United កាលពីខែមករា ហើយថាគាត់កំពុងតែរំពឹងថានឹងអាចលេងបានប្រសើរជាងនេះ។
តារាបាល់ទាត់សញ្ជាតិឈីលីរូបនេះបានផ្ទេរមកពីទឹកដី Emirates នៅដើមឆ្នាំនេះ ប៉ុន្តែរូបគេហាក់មិនទាន់លេងបានល្អនៅឡើយទេចាប់តាំងពីពេលនោះមក ដោយធ្វើបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ១០ លើក។ថ្លែងនៅមុនការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិឈីលីជាមួយស៊ុយអែតនៅថ្ងៃសៅរ៍នេះ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានសារភាព ថាគាត់មានការលំបាកបន្តិចក្នុងការលេងនៅ Manchester បន្ទាប់ពីចំណាយពេលបួនឆ្នាំនៅ Arsenal មក។Sanchez បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ឈីលីនៅប្រទេសស៊ុយអែតថា៖ «ដោយសារខ្ញុំជាមនុស្សមានការទាមទារចំពោះខ្លួនឯងខ្ពស់ ខ្ញុំរំពឹងថាអ្វីៗនឹងបានប្រសើរជាងនេះ»។
«បន្ទាប់ពីខ្ញុំបានមកកាន់ Man United វាពិតជាលំបាកណាស់ក្នុងការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង យ៉ាងឆាប់រហ័សនោះ។ ហើយសូម្បីតែមកកាន់ទីនេះ ខ្ញុំក៏មានការស្ទាក់ស្ទើរដែរ (ប្រទេសស៊ុយអែត)»។
«ការផ្លាស់ប្តូរក្លឹបគឺជារឿងមួយដែលមានការលំបាកខ្លាំងណាស់។ វាជាលើកដំបូងដែលខ្ញុំបានប្តូរក្លឹបកាលពីខែមករានេះ ប៉ុន្តែមានរឿងជាច្រើនបានកើតឡើងនៅក្នុងជីវិតខ្ញុំ ដែលមានលក្ខណៈលំបាក»។
ជម្រើសជាតិឈីលីនឹងមិនបានទៅប្រទេសរុស្ស៊ីដើម្បីចូលរួមការប្រកួត World Cup នៅរដូវក្តៅនេះទេ បន្ទាប់ពីពួកគេមិនអាចឆ្លងផុតវគ្គជម្រុះហើយ Sanchez បាននិយាយថា ដំបូងឡើយគាត់មិនចង់ចូលរូមការប្រកួតជាមួយស៊ុយអែតទេ ប៉ុន្តែគាត់បានប្តូរចិត្តវិញ បន្ទាប់ពីបាននិយាយជាមួយប្រធានក្រុមជម្រើសជាតិឈីលី និងអ្នកចាំទី Claudio Bravo រួចមក។
គាត់បាននិយាយថា៖ «ខ្ញុំបានសុំការអនុញ្ញាតមិនចូលរួមការប្រកួតទាំងនេះ ប៉ុន្តែបន្ទាប់មកខ្ញុំបានគិតឡើងវិញម្តងទៀត និងបាននិយាយជាមួយ Claudio ហើយប្រាប់គាត់ថា យើងទាំងអស់គ្នាគួរតែរួបរួមគ្នាធ្វើការប្រកួត»។
ដោយ៖ Dara Hunii