រថយន្ត 1-Series ឆ្នាំ ២០២០ ជាម៉ូដែលកូនពៅរបស់ BMW រូបរាងសិចស៊ីកាន់តែទាក់ទាញចិត្តអ្នកជិះ

13438

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ទើបតែបានបង្ហាញម៉ូដែលកូនពៅ 1-Series ដែលមានរូបរាងថ្មីសន្លាង ហើយបំពាក់ប៉ុងមួយវិលកង់មុខ FWD ជាលើកដំបូងបង្អស់ក្នុងរយៈពេល ១៥ ឆ្នាំ ។

BMW 1-Series ស៊េរីឆ្នាំ ២០២០ នេះ ថ្មីសន្លាងទាំងផ្នែកខាងក្រៅ និង ខាងក្នុង ខណៈស្ទីលលេងខ្លួនរបស់វាស្រដៀងទៅនឹងសិស្សច្បង BMW X2 ។ BMW អះអាងថា ការរចនា និង រូបរាងថ្មីរបស់ 1-Series ជំនាន់ទី ៣ នេះ ជួយឱ្យកាប៊ីនខាងក្នុងរថយន្តកាន់តែធំទូលាយជាងមុន ។

1-Series ស៊េរីចុងក្រោយបង្អស់នេះ នឹងបំពាក់ដំបូល Panoramic ចុចជាលើកដំបូងបង្អស់, ប្រព័ន្ធកម្សាន្ត – ព័ត៌មានប្រព័ន្ធ BMW Operating System ៧.០ លើអេក្រង់ទំហំ ១០,២៥ អ៊ីង, កុងទ័រឌីជីថល ១០ ២៥ អ៊ីង ហើយមាន Option កុងទ័រលើកញ្ចក់ Head-up Display ទំហំ ៩,២ អ៊ីងផងដែរ ។

រថយន្ត BMW 1-Series បានផ្តល់ជម្រើសម៉ាស៊ីនជាច្រើនដូចជាប្រភេទម៉ាស៊ីនម៉ាស៊ូត 116d, 118d និង 120d xDrive ខណៈប្រភេទម៉ាស៊ីនសាំងគឺ 118i និង M135i xDrive ។ 1-Series M135i ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រប្រើ Turbo ទំហំ ៤ ស៊ីឡាំងបង្កើតកម្លាំងបាន ៣០២ សេះ ហើយប្រើប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយវិលកង់មុខ FWD ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៨ វិនាទីប៉ុណ្ណោះ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី