Chelsea យល់ព្រមលក់ Hazard ទៅឱ្យក្លិប Real Madrid ហើយក្នុងតម្លៃផ្ទេរ ១៤៥ លានដុល្លារ

13586
  • ក្លឹប Chelsea បានយល់ព្រមលក់តារាឆ្នើមរបស់ខ្លួន គឺកីឡាករ Eden Hazard ទៅឱ្យក្លឹប Real Madrid ហើយក្នុងតម្លៃផ្ទេរចំនួន ១១៥ លានផោន ឬស្មើនឹង ១៤៥ លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ការសែតដ៏ល្បី The Sun ។

    ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិកវ័យ ២៨ ឆ្នាំ Eden Hazard ត្រូវបានគេឱ្យដឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញអធិរាជស Real Madrid ហើយបើតាមរបាយការណ៍បានឱ្យដឹងទៀតថា Hazard នឹងទទួលបានប្រាក់ឈ្នួលចំនួន ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ នៅពេលផ្ទេរទៅកាន់ទឹកដី Santiago Bernabeu នារដូវក្ដៅនេះ ។

    រវាងក្លិបទាំងពីរ Chelsea និង Real Madrid ត្រូវបានគេរាយការណ៍ថា បានចរចាអស់រយៈពេលជាង ២ សប្តាហ៍មកហើយ ដោយម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich បានបញ្ជាឱ្យលក់កីឡាកររូបនេះភ្លាម ជាជាងប្រឈមនឹងការបាត់បង់ Eden Hazard នៅឆ្នាំក្រោយដោយគ្មានបានអ្វីទាល់តែសោះ ខណះកុងត្រារបស់តារាសញ្ជាតិបែលហ្ស៊ិករូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី