ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា វ៉ៃនៅប្រទេសណា ឬកម្មវិធីណាក៏បាន ឲ្យតែវ៉ៃក្នុងគីឡូ ៦៩

77781
  • កីឡាករ រឿង សោភ័ណ្ឌ​ ដែលមានរហស្សនាមថា ដៃភ្លើង ជើងរន្ទះ បានបញ្ជាក់ក្នុងការឡាយវីដេអូលើហ្វេសបុកផ្ទាល់ខ្លួនមុននេះថា សង្វៀន Thai Fight សង្វៀន ONE ឬសង្វៀនមួយណាក៏ដោយ បើចង់ហៅខ្លួនទៅប្រកួត ហើយលេងក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាមគឺ ទទួលទាំងអស់។ ប៉ុន្តែ សោភ័ណ្ឌ សុំតម្លៃខ្លួនលើពី ១០០០ ដុល្លារឡើងទៅអាចថាចន្លោះត្រឹម ១៥០០-២០០០ ដុល្លារគឺគាត់ព្រមប្រកួតទាំងអស់។

    ការលើកឡើងបែបនេះទី១ អាចថាក្នុងនាមខ្លួនជាអ្នកប្រដាល់ត្រូវតែមានការប្រកួត ទី២ អាចជាការឆ្លើយតបទៅនិងអ្នកគាំទ្រគុនខ្មែរមួយចំនួនដែលតែងតែរិះគន់ថាខ្លួនចេះតែខ្លាចដៃគូ ដែលគេដាក់មកប្រកួតនៅស្រុកខ្មែរខ្លាំងៗ និងព្យាយាមគេចវ៉េស ដូច្នេះហើយទើបអ្នកប្រដាល់ល្អកណ្ដាប់ដៃខាងលើនេះ និយាយពាក្យស្វាគមន៍គ្រប់សង្វៀនបែបនេះ។ មួយវិញទៀតអ្នកប្រដាល់រូបនេះបានបញ្ជាក់ថា ក្នុងនាមជាអ្នកប្រដាល់មួយរូប គឺមិនខ្លាចដៃគូនោះឡើយ បើខ្លាចមិនមែនមកធ្វើជាអ្នកប្រដាល់នោះទេ ។

    យ៉ាងណាក៏ដោយ នេះក៏ជាការផ្ញើរមួយដែរដល់អ្នករៀបចំកម្មវិធីធំៗ នៅក្រៅប្រទេសបើចង់បានកីឡាករកម្ពុជា ខាងលើទៅប្រកួតមែននោះ។ នេះក៏ជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រគុនខ្មែរ ដែលចង់ឃើញ រឿង សោភ័ណ្ឌ ប្រកួតក្នុងកម្មវិធីទាំងនោះផងដែរ។ រំលឹកដែរថា អ្នកលេង ដៃភ្លើង ជើងរន្ទះ ជាអ្នកប្រដាល់ជួរមុខមួយរូប របស់កម្ពុជាមកពីក្លឹបប្រដាល់ម្កុដរាជសីហ៍ជា កូនសិស្សលោកគ្រូឈិនក្វាន់ចៃ ។ បច្ចុប្បន្ននេះ សោភ័ណ្ ឌប្រកួតក្នុងប្រភេទទម្ងន់ ៦៩-៧០ គីឡូក្រាម ៕

    ដោយ៖ សុខះ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី