គាំទ្រ!!! ចាប់ពីចុងឆ្នាំ ២០១៩ នេះតទៅ អ្នកជក់បារីនៅតាមទីសាធារណៈនឹងត្រូវផាកពិន័យ

19247

លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាលបានអះអាងថា នាចុងឆ្នាំ ២០១៩ ខាងមុខនេះ ក្រសួងសុខាភិបាលនឹងចាប់ផាកពិន័យជាថវិកា ចំពោះអ្នកជក់បារីនៅតាមទីសាធារណៈដើម្បីលើកកម្ពស់សុខភាព និងបង្កើនប្រាក់ចំណូលដល់អ្នកជក់បារី ។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតយ៉ាងដូច្នេះក្នុងទិវាពិភពលោកគ្មានផ្សែងបារី ក្រោមប្រធានបទថ្នាំជក់ និងសុខភាពសួត នាទីសី្តការក្រសួងព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ នេះ ។ លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា បន្តថា ការអនុវត្តនេះនឹងចាប់ពីខែធ្នូ ឆ្នាំ ២០១៩ តទៅ ដោយមានក្រុមអធិការកិច្ចក្រសួងចំនួន ៤៩០ នាក់នៅទូទាំងប្រទេសនឹងចុះផាកពិន័យជាថវិកា ។ ចំណែកលោកស្រីវេជ្ជបណ្ឌិត Nargiza Khodjaeva តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងដែរថា ប្រទេសកម្ពុជាមានអ្នកជក់បារីប្រមាណ ១.៦៨ លាននាក់ ដោយថ្លៃចំណាយក្នុងមួយឆ្នាំៗសម្រាប់ការទិញបារីមានប្រមាណ ២០១,៥ លានដុល្លារអាមេរិក ហើយចំណាយទាក់ទងនឹងការព្យាបាលជំងឺការបាត់បង់កម្លាំងពលកម្មដោយសារជំងឺដែលបង្កដោយថ្នាំជក់មានប្រមាណ ១៦២,៧ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។

ជាងនេះទៅទៀតប្រជាជនមិនជក់បារីប្រមាណ ៦០% រងការស្រូបផ្សែងបារីដោយអចេតនានៅតាមទីកន្លែងធ្វើការ និងទីសាធារណៈ ។ ហើយកិច្ចការត្រួតពិនិត្យថ្នាំជក់នេះមិនមែនជាការងាររបស់ក្រសួងសុខាភិបាលតែមួយមុខនោះទេ គឺពាក់ព័ន្ធនឹងស្ថាប័នក្រសួងដទៃទៀត ។ ដូច្នេះថ្ងៃនេះ ក្នុងនាមអង្គការសុខភាពពិភពលោកបានអរគុណដល់ស្ថាប័នក្រសួងផ្សេងៗដែលបានចូលរួមក្នុងព្រឹតិ្តការណ៍នេះនឹងបានរួមចំណែកក្នុងការអភិវឌ្ឍ និងជួយទប់ស្កាត់នៃការរីករាលដាលនៃការប្រើប្រាស់ថ្នាំជក់ ។ ប្រទេសកម្ពុជាជាប្រទេសមួយដែលក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍បានជំរុញបរិស្ថានគ្មានផ្សែងបារីក្នុងពេលនោះយើងបានរួមគ្នាបង្កើតបរិស្ថានគ្មានផ្សែងបារីនៅទីក្រុងសៀមរាប ។ ជាមួយគ្នានោះផងដែរព្រះសង្ឃប្រជាពលរដ្ឋនិងយុវជនបានគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការណ៍ដាក់ចេញឱ្យមានការផាកពិន័យជាប្រាក់ចំពោះអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ផង ដែរ ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអំពាវនាវដល់អាជីវករលក់ដូរទាំងអស់កុំលក់បារីដែលគ្មានដាក់សារសុខភាពបារីដែលមានកញ្ចប់តូចៗមានតម្លៃថោកងាយទាក់ទាញអ្នកជក់ និងកុំលក់បារីលាយឡំនឹងប្រេងសាំង ដើម្បីការពារកុំឱ្យមានហានិភ័យកើតឡើងជាយថាហេតុ និងជៀសវាងកុំឱ្យទទួលការផាកពិន័យជាថវិកាដែលក្រសួងសុខាភិបាលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី