ចាប់បានហើយ!!! វ៉ៃខ្នោះយុវជនខ្មែរម្នាក់ ក្រោយពីលួច Hack Facebook ជាង ២០០ គណនី

33899
  • កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ដែលធ្វើសកម្មភាពការ Hack ហ្វេសប៊ុករបស់គេរហូតដល់ជាង ២០០ គណនីដើម្បីឆបោកប្រាក់តាមគ្រប់រូបភាពក្នុងនោះមានគណនីហ្វេសប៊ុកចំនួន ៥០ ដែលចាញ់បោកយុវជនម្នាក់នេះ ។ នេះបើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ។

    លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា យុវជនម្នាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ នៅត្រង់ចំណុចផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានរបស់លោក ដោយដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ យុវជនម្នាក់នេះឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរកើតថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ១៩៩៧ មុខរបរមិនពិតប្រាកដមានស្រុកកំណើត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្លូវ ១៩៨១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

    បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានបុគ្គលរូបនេះត្រូវបានជនរងគ្រោះដាក់ពាក្យបណ្ដឹងពីបទលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាតរួចឆាត (Chat) ទៅខ្ចីប្រាក់ពីមិត្តភក្តិនៅក្នុងហ្វេសប៊ុកដោយតម្រូវឱ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងជាច្រើនពីជនរងគ្រោះ ។ ក្រោយធ្វើការចាប់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ធ្លាប់បានធ្វើការឆបោកប្រាក់ជាច្រើនសារ ហើយរូបគេបានលួចចូលគណនីហ្វេសប៊ុកបានប្រហែល ២០០ គណនី និងជាង ៥០ នាក់ គណនីទទួលបានប្រាក់ពីការឆបោក ។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី