ក្រុមខេត្តព្រះសីហនុ បានត្រឹមស្មើគ្នាជាមួយខេត្តកំពត ក្នុងការប្រកួតពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ឆ្នាំ

9849

នៅជើងទី១ វគ្គជម្រុះតាមខេត្ត នៃពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ ឆ្នាំ (G-PARK Youth Cup U-15) លើកទី១ ឆ្នាំ ២០១៩ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានត្រឹមស្មើ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ដោយលទ្ធផល ២:២ កាលពីម្សិលមិញ ។

២ គ្រាប់របស់ក្រុមខេត្តព្រះសីហនុ ធ្វើសម្រេចដោយកីឡាករ នេត ណែត និងកីឡាករ ជា សេងហាក់ ខណៈ ២ គ្រាប់របស់ខេត្តកំពត រកបានដោយកីឡាករ តឿន វិច្ឆ័យ និងកីឡាករ ខែម គឹមបញ្ញារ័ត្ន ។
គិតមកដល់ពេលនេះ មានក្រុមយុវជន ៤ ខេត្តហើយ ដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងនោះ បានទម្លាក់គូប្រជែងរៀងៗខ្លួន ក្នុងវគ្គជម្រុះតាមខេត្ត រួមមានខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ឆ្នាំង, ខេត្ដត្បូងឃ្មុំ និងខេត្តព្រៃវែង ។ ចំណែកសល់ ២ ក្រុមទៀត នឹងចម្រាញ់យក ១ ក្រុម រវាងខេត្តព្រះសីហនុ និងខេត្តកំពត ហើយ ១ ក្រុមទៀត ត្រូវចម្រាញ់ចេញពីក្រុមចាញ់ តែធ្វើបានល្អជាងគេ ១ ក្រុម (វិនិច្ឆ័យដោយគណៈកម្មការ) ដើម្បីបង្គ្រប់កៅអីវគ្គ ៦ ក្រុមចុងក្រោយ ។

គួរបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើង ដោយក្លិប បាល់ទាត់ វិសាខា សហការជាមួយក្រុមហ៊ុនភេសជ្ជៈ G-PARK ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា, ផ្ដល់ឱកាសឲ្យកីឡាករយុវជន ពង្រឹងសមត្ថភាព កាយសម្បទា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព និងស្មារតីធ្វើការជាក្រុម, បំផុសយុវជនចូលរួមលេងកីឡា ដើម្បីចៀសឆ្ងាយពីគ្រឿងញឿន និងផ្ដល់ឱកាសយុវជនតាមខេត្ត បានបញ្ចេញសមត្ថភាព និងទេសពកោសល្យ ដើម្បីឈានទៅក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី