
អតីតខ្សែប្រយុទ្ធរបស់ Marseille និង Chelsea កីឡាករ Didier Drogba បានអះអាងថា Neymar មិនចាំបាច់ចាកចេញពី PSG ទើបអាចឈ្នះពាន Ballon d’Or បាននោះឡើយ។
Neymar បានមកលេងឲ្យ Paris ក្រោយពីចេញពី Barcelona ក្នុងតម្លៃខ្លួនដ៏ខ្ពស់បំផុត ២២២ លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកគាត់ត្រូវបានគេសង្ស័យថាអាចនឹងត្រូវផ្ទេរទៅកាន់ Real Madrid ដែលជាក្រុមជម្រុះ PSG ឲ្យធ្លាក់ចេញពីការប្រកួត Champions League រដូវកាលនេះក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
Drogba បានប្រាប់កាសែត Le Parisien ថា ការផ្ទេរទៅកាន់ប្រទេសអេស្ប៉ាញវិញ ដើម្បីទទួលបានការរីកចម្រើននឹងមិនចាំបាច់សម្រាប់កីឡាករសញ្ជាតិប្រេស៊ីលនេះទេ។
កីឡាករវ័យ ៤០ ឆ្នាំរូបនេះបាននិយាយថា៖ «គាត់ (Neymar) គឺជាមិត្តល្អម្នាក់។ វត្តមានរបស់គាត់បានជួយដល់ PSG យ៉ាងច្រើន។ គាត់មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការឈ្នះពាន Ballon d’Or នៅទីក្រុងប៉ារីស គាត់មានការប្តេជ្ញាចិត្តខ្ពស់»។
ដោយ៖ Dara Hunii