
Barcelona ត្រូវបានគេរាយការណ៍ថាមានបំណងចង់ចុះកុងត្រាទិញកីឡាកររបស់ក្លឹប Ajax Amsterdam គឺកីឡាករ Frenkie de Jong នៅរដូវក្តៅខាងមុខនេះ។
De Jong អាចលេងជាខ្សែបម្រើ ឬ ខ្សែការពារក៏បាន។ មានការរាយការណ៍ថា Barcelona មើលឃើញកីឡាកររូបនេះថាជាកីឡាករមានសក្ដានុពលអាចជំនួសតំណែង Sergio Busquets បាន។
កីឡាករវ័យ ២០ ឆ្នាំរូបនេះបានចូលលេងក្នុងក្របខ័ណ្ឌ Eredivisie ដែលជាលីគកំពូលរបស់ហូឡង់បានចំនួន ២២ប្រកួតហើយក្នុងនាមកីឡាកររបស់ក្លឹប Ajax ដែលពេលនេះកំពុងឈរនៅលេខរៀងទី ២ ក្នុងតារាង ដោយមាន ៧ ពិន្ទុទាបជាងក្រុមលេខ១ គឺក្រុម PSV។
ប្រសិនបើក្លឹបយក្សកាតាឡង់មួយនេះមិនអាចទាញកីឡាកររូបនេះចូលបានក្នុងរដូវកាលដោះដូរកីឡាករនាពេលខាងមុខនោះទេ ពួកគេអាចនឹងរកវិធីកក់ទុកមុន ដោយត្រូវរង់កីឡាកររូបនេះមកចូលរួមនៅទឹកដី Blaugrana របស់ខ្លួន ក្រោយបញ្ចប់មួយរដូវកាលទៀតនៅ Ajax។
ក្លឹបរបស់លោក Ernesto Valverde ក៏ត្រូវបានគេបង្ហើបថាបានទាក់ទងកីឡាករវ័យក្មេងម្នាក់ទៀតរបស់ Ajax ផងដែរ នោះគឺកីឡាករ Matthijs de Ligt តែឮថាត្រូវផ្អាកវិញដោយសារតែការទាថ្លៃពេករហូតដល់ ៦០ លានអឺរ៉ូ ឯណោះ ៕
ដោយ៖ Dara Hunii