Messi វៀតណាម សម្រេចចេញពីលីគកំពូលកូរ៉េខាងត្បូង ទៅសាករសជាតិនៅតំបន់អឺរ៉ុបម្ដង

74969
  • កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្លឹប Incheon United FC របស់កូរ៉េខាងត្បូង បានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិវៀតណាម កីឡាករ Nguyen Cong Phuong ដែលគេឱ្យរហ័សនាមថា Messi វៀតណាម ។

    បើយោងតាមក្លឹប Incheon Uinted នៅពេលនេះគេកំពុងធ្វើឯកសារផ្ទេរកីឡាករវ័យ ២៤ ឆ្នាំរូបនេះទៅកាន់ក្លឹបមួយនៅលីគលំដាប់ទី ២ របស់ប្រទេសបារាំង ។ ប៉ុន្តែគេនៅមិនទាន់បញ្ជាក់ពីឈ្មោះរបស់ក្លឹបនៅបារាំងនោះនៅឡើយទេ ។ ក្លឹប Incheon ក៏បានបញ្ជាក់ពីមូលហេតុនៃការចាកចេញរបស់កីឡាករវៀតណាមម្នាក់នេះថា គឺធ្វើឡើងតាមសំណើររបស់ភាគីកីឡាករផ្ទាល់ដោយចង់សាកបង្ហាញសមត្ថភាព និង ប្រឡូកក្នុងការប្រកួតប្រជែងថ្មីមួយទៀតនៅតំបន់អឺរ៉ុប ។

    សូមរំលឹកថា Nguyen Cong Phuong គឺជាថ្នាលយុវជនរបស់ក្លឹប HAGL-Arsenal JMG Academy ។ ហើយគេចាប់ផ្តើមលេងឈុតធំតាំងពីឆ្នាំ ២០១៥ មកម្លេះជាមួយក្លឹបដដែលនេះ (Hoang Anh Gia Lai FC) ប៉ុន្តែត្រូវបានក្លឹបដាក់ឱ្យទៅលេងខ្ចីជើងក្នុងក្លឹប Mito Hollyhocks របស់ជប៉ុន កាលពីឆ្នាំ ២០១៦ និងប្តូរទៅក្លឹប Incheon United ក្នុងលក្ខណខ្ចីជើងផងដែរនៅឆ្នាំ ២០១៩ នេះ ។ ប៉ុន្តែកីឡាកររូបនេះត្រូវបានគេទទួលស្គាល់ថា បង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងក្រុមជម្រើសជាតិវៀតណាម ជាពិសេស គឺបន្ទាប់ពីជួយក្រុមជម្រើសជាតិក្លាយជាជើងឯក AFF Championship ដែលកាលពីឆ្នាំ ២០១៨ កន្លងទៅ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី