ការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាវាយសី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺការផ្សារភ្ជាប់នូវមិត្តភាព សាមគ្គីភាព បង្កើនសមត្ថភាព និងបច្ចេកទេស សម្រាប់អត្តពលិកផងដែរ

14437
  • ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម សខេង លើកទី ១៥ ឆ្នាំ ២០១៩ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺការផ្សារភ្ជាប់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពផង បង្កើនសមត្ថភាព និងបច្ចេកទេសសម្រាប់អត្តពលិកផងដែរ នេះជាការលើកឡើងរបស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ក្នុងពិធីបិទការប្រកួត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ប៊ុនហេង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិ ។

    ឯកឧត្តម យន្ត មីន បន្តថា ទោះបីមានការចូលរួមប្រកួតពីអត្តពលិកវៀតណាម និងថៃ ក៏ដោយ ក៍កីឡាករ កីឡាការិនីវាយសីយុវជនកម្ពុជា នៅតែដណ្តើមបានចំណាត់ល្អរក្សាបាននូវភាពខ្លាំងក្នុងនាមជាម្ចាស់ផ្ទះ ។ ឯកឧត្តម បន្ថែមថា ការទទួលធ្វើជាម្ចាស់ផ្ទះពីខេត្តព្រហសីហនុ នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺជាការផ្សារភ្ជាប់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកីឡាករ កីឡាការិនីវាយសី មកពីគ្រប់ក្លិប សមាគមន៍ រាជធានី ខេត្ត ក្រុង ជាពិសេស កីឡាករ កីឡាការនី មកពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ជាដើម ។ ឯកឧត្តម អភិបាលខេត្តរូបនេះ បន្ថែមទៀតថា លើកនេះ កីឡាករ កីឡាការិនីខេត្តព្រះសីហនុ ប្រជែងមិនទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្តែការប្រកួតនេះបានផ្តល់នូវបទពិសោធន៍ បច្ចេកទេសល្អៗ សម្រាប់អត្តពលិកខេត្តព្រះសីហនុពង្រឹងសមត្ថភាពសម្រាប់ចូលរួមប្រកួតនៅឆ្នាំក្រោយៗទៀត ។ ជាមួយគ្នានោះដែរ ឯកឧត្តម យន្ត មីន បានជម្រុញលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់ខេត្ត ត្រូវខិតខំហ្វឹកហាត់អោយកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមដណ្តើមមេដាយជូនខេត្ត ជាពិសេស ដណ្តើមមេដាយជូនកម្ពុជា នាស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតវាសីដណ្តើមពានរង្វាន់សម្តេច ក្រឡាហោមលើកទី ១៥ ដែលខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះនេះ មានក្លិបវាយសី ចូលរួមចំនួន ១២ ក្លិប ក្នុងនោះ ១ ក្លិបមកពី ប្រទេសវៀតណាម និង ១ ក្លឹបទៀតមកពីប្រទេសថៃ ជាលទ្ធផលវិញ្ញាសា វាយគូរ អាយុ ៣០ ឆ្នាំចុះ លេខ១ កីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាករ យ៉ាន កុលល មកពីក្លិបកីឡាវាយសីក្រសួងមហាផ្ទៃ ខណៈដែលវិញ្ញាសាប្រកួតវាយគូរនារីមិនគិតអាយុកីឡាការិនីកម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខ១ និង លេខ២ ឯលេខ៣ បានទៅលើកីឡាការិនីប្រទេសវៀតណាម ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី