
ស្ថាប័នប្រដាល់ដ៏ធំនៅ អាស៊ី ONE Champions បានបង្ហាញ ស្លាកសញ្ញាមួយដែលបញ្ជាក់ថា ខ្លួនជាស្ថាប័នប្រមូលផ្តុំក្បាច់គុនទូទាំង អាស៊ីនិង ពិភពលោក។ សង្វៀនប្រដាល់មួយនេះមានកីឡាករ កីឡាការិនីល្បីៗ លំដាប់ពិភពលោក មកពីគ្រប់តំបន់។
ក្នុងស្លាកសញ្ញាផ្សព្វផ្សាយនេះ ONE Champions បានបង្ហាញក្បាច់គុន ជាច្រើនប្រភេទដែលបានបង្ហាញស្នៀតប្រយុទ្ធឱ្យពិភពលោកបានស្គាល់ដូចជា៖
- គុនចម្រុះ (Mixed Martial Arts)
- គុនខ្មែរ (Kun Khmer) ក្បាច់គុនរបស់កម្ពុជា
- ប្រដាល់សេរី (Kickboxing)
- ឡេតវី (Lethwei) ក្បាច់គុនរបស់ប្រទេសមីយ៉ាន់ម៉ា
- សាន់ដា (Sanda) ក្បាច់គុនរបស់ប្រទេសចិន
- យូដូ (Judo) ក្បាច់គុនរបស់ប្រទេសជប៉ុន
- ការ៉ាតេ (Karate) ក្បាច់គុនរបស់ប្រទេសជប៉ុន
- កុងហ្វូ (Kung Fu) ក្បាច់គុនរបស់ប្រទេសចិន
- មួយថៃ (Mauy Thai) ក្បាច់គុនរបស់ប្រទេសថៃ
- តេក្វាន់ដូ (Taekwando) ក្បាច់គុនរបស់ប្រទេសកូរ៉េ
- ក្បាច់ឃ្លេ (Submission Grappling)
ជុំវិញស្លាកសញ្ញាដែល ONE បង្ហាញនេះ ត្រូវលោក ហ៊ុន ច័ន្ទរាជ គ្រូប្រដាល់គុនខ្មែរម្នាក់បានបង្ហាញទស្សនៈ ផ្ទាល់ខ្លួនលើ Facebook ថា៖ ” នេះជាអ្វីដែលខ្ញុំបានកំពុង ធ្វើជាអ្វីដែលខ្ញុំលះបង់ជីវិតសាមញ្ញរបស់ខ្ញុំ ជាអ្វីដែលខ្ញុំបានឃ្លាតឆ្ងាយ ពីគ្រួសារជាមូលហេតុដែលខ្ញុំចេញពីផ្ទះ ៨ ឆ្នាំកន្លងមកហើយ … គឺដើម្បីមួយនេះ! ចំពោះ«គុនខ្មែរ» ត្រូវបានពិភពលោកទទួលស្គាល់! នេះជាមោទនភាពមួយសម្រាប់ខ្ញុំ និងសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា ” ៕
ដោយ៖ សុខះ