លោក Maradona បានអះអាងថា មានតែលោកប៉ុណ្ណោះដែលអាចជួយឱ្យ Man Utd ខ្លាំងឡើងវិញបាន

6075

អតីតតារាបាល់ទាត់របស់អាហ្សង់ទីន គឺលោក Diego Maradona មិនសូវទទួលបានជោគជ័យក្នុងអាជីពជាអ្នកចាត់ការនៅឡើយទេ ប៉ុន្តែលោកជឿថា លោកអាចជួយឱ្យក្រុមបិសាចក្រហម Manchester United ក្លាយជាក្រុមខ្លាំងឡើងសារជាថ្មីវិញម្ដងទៀតបាន ។

ក្លឹប Manchester United កំពុងប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាក្រុមមួយដែលរុងរឿងដូចកាលសម័យដែលលោក Alex Ferguson បានដឹកនាំមុនការចូលនិវត្តន៍របស់លោកនៅឆ្នាំ ២០១៣ ។ លោក Ole Gunnar Solskjaer បានចាប់ផ្ដើមកាន់តួនាទីជាអ្នកចាត់ការបណ្ដោះអាសន្នដោយទទួលបានលទ្ធផលជ័យជម្នះជាបន្តបន្ទាប់ ក្រោយពេលដែលលោក Jose Mourinho ត្រូវបានបណ្ដេញចេញពីតួនាទីកាលពីខែធ្នូ ។ យ៉ាងណាមិញក្លឹប Man United បានចាប់ផ្ដើមចោទសួរខ្លួនឯងថា តើការតែងតាំងលោក Solskjaer ជាអ្នកចាត់ការអចិន្ត្រៃយ៍ត្រូវបានធ្វើឡើងឆាប់ពេកឬយ៉ាងណា ។ រីឯលោក Maradona វិញមិនសូវទទួលបានជោគជ័យក្នុងតួនាទីជាអ្នកចាត់ការនោះទេ ហើយបច្ចុប្បន្ននេះលោកកំពុងដឹកនាំក្លឹប Dorados ក្នុងលីគម៉ិចស៊ិចកូ ប៉ុន្តែអ្នកចាត់ការដែលមានវ័យ ៥៨ ឆ្នាំរូបនេះ ជឿជាក់ថា គាត់អាចជួយឱ្យ Man United បានងើបមុខឡើងវិញបាន ។

គាត់បាននិយាយប្រាប់សារព័ត៌មាន FourFourTwo ថា៖ ” បើក្លឹបបិសាចក្រហម Manchester United ត្រូវការគ្រូបង្វឹក ខ្ញុំជាបុគ្គលដែលស័ក្ដិសមនឹងធ្វើការងារនេះ ។ ខ្ញុំដឹងថាពួកគេលក់អាវដាច់ច្រើនពាសពេញពិភពលោក ប៉ុន្តែពួកគេក៏ត្រូវការឈ្នះពានដែរ ។ ខ្ញុំអាចជួយឱ្យពួកគេឈ្នះបាន ” ។

លោកបន្តទៀតថា៖ ” ក្លឹបបិសាចក្រហម Manchester United ធ្លាប់ជាក្លឹបអង់គ្លេសដែលខ្ញុំគាំទ្រជាយូរមកហើយ ។ ពួកគេមានកីឡាករល្អៗ ហើយជាក្រុមមួយដែលខ្លាំងក្រោមការដឹកនាំរបស់លោក Alex Ferguson ។ ប៉ុន្តែឥឡូវនេះខ្ញុំគាំទ្រក្លឹប Man City វិញ ។ ខ្ញុំដឹងថាមិនគួរផ្លាស់ប្ដូរបែបនេះទេ ប៉ុន្តែគឺដោយសារកីឡាករ Sergio Aguero ។ ពួកយើងបានជជែកគ្នាច្រើន ហើយគាត់លេងនៅក្នុងក្រុមមួយដ៏ល្អ ” ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី