ពានវិទ្យាល័យ លើកទី១ ដែលជើងឯកទទួលបានប្រាក់រង្វាន់ ៦០ លានរៀលស្មើរលីគកំពូលចាប់ផ្ដើមស្អែកនេះហើយ

10627

ការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ ឆ្នាំ ២០១៩ លើកទី១ ដែលជើងឯកទទួលបានប្រាក់រង្វាន់រហូតដល់ ៦០ លានរៀល នឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែមិថុនា ស្អែកនេះ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងក្រុមហ៊ុន Cambodia Airways ។

តាមការបញ្ជាក់ថា ពីគណៈកម្មាធិការប្រតិបត្តិរៀបចំការប្រកួត បានឱ្យដឹងថា ក្រោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការរវាងស្លាកភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត នឹងរៀបចំការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ ២០១៩ នេះ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡា លេងកីឡាដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសស្វែងរកធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋ និងឯកជន ។

សម្រាប់ការប្រកួតនឹងរៀបចំឲ្យមានការប្រកួត ក្នុងដី និងក្រៅដី ដោយជ្រើសរើសទីតាំងកីឡាដ្ឋានបាល់ទាត់វិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ជា ស៊ីម ច្បារអំពៅ ។ ចំពោះរដូវកាលលើកទី១ នេះមានក្រុមមកពីគ្រឹះស្ថានចំណេះទូទៅរដ្ឋ និងឯកជន សរុបចំនួន ៩ ក្រុម ដែលត្រូវធ្វើការប្រកួតវិលជុំ ចាប់ពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ ដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០១៩ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាក្រុមជើងឯកដោយទទួលបានប្រាក់រង្វាន់ ៦០ លានរៀល ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៤០ លានរៀល និងក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ ២០ លានរៀល ។ ជាមួយគ្នានេះក៏មានពានរង្វាន់មួយចំនួនទៀតដល់ជូនកីឡាករលេងល្អប្រចាំ រដូវកាលទី១ នេះផងដែរ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី