មន្រ្តីជាន់ខ្ពស់សហព័ន្ធទូកកានូ និងរ៉ូអ៊ីង កម្ពុជា អះអាងថា ចង់ទទួលបានចំណេះដឹង និងជំនាញច្បាស់ ត្រូវលះបង់ពេលវេលា

23761
  • ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានលើកឡើងថា ចង់ទទួលបានចំណេះដឹងជំនាញអ្វីមួយច្បាស់លាស់ ត្រូវលះបង់ពេលវេលា ទើបទទួលបាននូវចំណេះដឹងពិតប្រាកដអាចយកមកបំរើការងារ ក្នុងវិស័យកីឡាប្រកបដោយភាពជោគជ័យ ការពន្យល់បែបនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណី (ទូកនាគ) ភូមិភាគនិរតី កាលពីចុងសប្តាហ៍ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុ ។

    ឯកឧត្តម អនុប្រធានអចិន្រ្តៃយ៍ បន្តថា ការងារ ក្នុងវិស័យកីឡាអាចដើរទៅមុខបាន ចាំបាច់ត្រូវមានធនធានមនុស្សចេះនូវជំនាញច្បាស់លាស់ ពិសេសទៀតនោះ គឺក្រមសីលធម៌ មានដូចជា ចំណេះដឹងត្រឹមត្រូវ បទពិសោធន៍ត្រឹមត្រូវ ឆន្ទៈក្នុងការងារ និងការបូជាពេលវេលា ។ ដូច្នោះការគោរពប្រតិបត្តិបាននូវក្រមសីលធម៌ទាំងនេះ វានឹងជួយឱ្យការងារចុះសម្រុងគ្នា ឈានទៅសម្រេចជោគជ័យនាពេលខាងមុខ ។ ទន្ទឹមជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ បានស្នើរឲ្យសិក្ខាកាមដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ នាំយកចំណេះដឹង បទពិសោធន៍បច្ចេកទេសទៅចែករំលែក ដល់មូលដ្ឋានរបស់ខ្លួនបន្ត ដើម្បីបង្កើតបាននូវធនធានកាន់តែច្រើនត្រៀមចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ។

    សម្រាប់វគ្គបណ្តុះបណ្តាលទូកប្រពៃណីភូមិភាគនិរតី លើកទី១ ដែលមានរយៈពេល ២ ថ្ងៃ នៅខេត្តព្រះសីហនុនេះ មានសិក្ខាកាមចូលរួម ៣០ នាក់មកពី ៥ ខេត្ត គឺខេត្តព្រះសីហនុ កំពង់ស្ពឺ កំពត កែប និងខេត្តកោះកុង ។ សិក្ខាកាមទាំងអស់ និងត្រូវសិក្សាអំពីការបង្កើតសមាគមកីឡាថ្នាក់ខេត្ត ការងារទីផ្សារកីឡា ការងារបច្ចេកទេសកីឡាទូកប្រពៃណី (ទូកនាគ) និងបច្ចេកទេសកីឡាទូកកានូ និងទូកកាយ៉ាក់ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី