ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូន ពានរង្វាន់ Decathlon Open Serie 2019 ទាក់ទាញអ្នកចូលរួម ៤៦ នាក់

43112
  • ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ Decathlon Open Serie 2019 សម្រាប់ខែទី១ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភពីហាងលក់សម្ភារៈកីឡា Decathlon គឺទាក់ទាញបានកីឡាករជាតិ និងអន្តរជាតិ ទាំងចាស់ទាំងក្មេងចំនួន ៤៦ នាក់ ។

    លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឱ្យដឹងថា ពាន Decathlon 2019 នេះ បើកទូលាយឱ្យកីឡាករជាតិ និងអន្តរជាតិ ចាស់ ក្មេង គឺអាចចូលរួមប្រកួតបាន ហើយការប្រកួតនេះធ្វើឡើងក្នុងមួយខែម្តង ដោយអ្នកជាប់ចំណាត់ ក្នុងខែនីមួយៗនឹងត្រូវឡើងជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានធំ នាអំឡុងខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ។ អគ្គលេខាធិការរូបនេះ អះអាងថា ព្រឹត្តិការណ៍នេះ ក៏ជួយជម្រុញសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា ឱ្យកាន់តែរីកចំរើនមុននឹងអាចឈានឡើងទៅកាន់វគ្គបន្ត គឺត្រូវឆ្លងកាត់កីឡាករ កីឡាការិនីខ្លាំងៗ ដែលមានទាំងជាតិ និងអន្តរជាតិ ។
    លោក សង់ ប៉ាទីព្រីសង ប្រធានក្រុមហ៊ុន Decathlon ប្រចាំកម្ពុជា បានលើកឡើងថា ទស្សនៈវិស័យ ដែល Decathlon ចូលរួមគាំទ្រឧបត្ថម្ភ សហព័ន្ធកីឡាវាយកូនបាល់រយៈពេលវែងនេះ ដោយសារតែលោកចង់ផ្តល់ឱកាសចែករំលែកកីឡាវាយកូនបាល់ ដល់ប្រជាជនកម្ពុជា ពិសេសគឺចូលរួមអភិវឌ្ឍន៍កីឡាមួយនេះអោយកាន់តែរីកចំរើន ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនពានរង្វាន់ Decathlon ដែលមាន ២ ព្រឹត្តិការណ៍ គឺ Decathlon សម្រាប់កីឡាករវ័យក្មេង និង Decathlon សម្រាប់កីឡាកការិនីចំរុះជាតិសាសន៍ និងធ្វើការប្រកួតជម្រុះមួយខែម្តង រហូតដល់ខែធ្នូ ទើបប្រកួតដណ្តើមពានធំប្រចាំឆ្នាំ ។ ហើយការប្រកួតនេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំឡើងដើម្បីផ្តល់ឱកាសដល់យុវជនទើបតែហ្វឹកហាត់ បានប្រកួតដកស្រង់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីពនាពេលខាងមុខនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី