
Gianluigi Buffon បានអះអាងថា Lionel Messi គឺជាកីឡាករដែលមានសមត្ថភាពលេងបាល់ល្អជាង Cristiano Ronaldo ព្រោះកីឡាកររបស់អាហ្សង់ទីនរូបនេះបានក្លាយទៅជាខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងវ័យនេះ។
ក្នុងវ័យ ៣០ ឆ្នាំ Messi គឺជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ La Liga ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ ខណៈ Ronaldo ដែលមានវ័យ ៣៣ ឆ្នាំកំពុងតាមពីក្រោយជាមួយនឹងគ្រាប់បាល់ ២២ គ្រាប់ បន្ទាប់ពីការស៊ុតបញ្ចូលទី ៤ គ្រាប់ដ៏អស្ចារ្យនៅក្នុងការប្រកួតលទ្ធផល ៦-៣ រវាង Real Madrid ជាមួយ Girona ។
គ្រាប់បាល់សរុបរបស់ Ronaldo ពិតជាគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ដោយសារតែនៅដើមរដូវកាលនេះ រូបគេហាក់លេងមិនសូវបានល្អឡើយ ហើយត្រូវទទួលការពិន័យមិនឲ្យធ្វើការប្រកួតចំនួនប្រាំលើកទៀត ដោយសារតែកំហុសរុញអាជ្ញាកណ្តាល។
យោងតាម Goal កីឡាករ Buffon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា៖ «ពួកគេជាកីឡាករដែលមានលក្ខណៈខុសគ្នាទាំងស្រុង»។
«Messi លេងបានល្អជាង ដោយសារតែគាត់ចាប់ផ្តើមលេងនៅវ័យក្មេងជាង មានសមត្ថភាពបច្ចេកទេស និងចក្ខុវិស័យនៃការប្រកួតដែលមានភាពស័ក្ដិសមជាខ្សែបម្រើដ៏ឆ្នើមម្នាក់ជាជាងខ្សែប្រយុទ្ធ»។
«Cristiano Ronaldo ប្រហែលដោយសារតែគាត់មានវ័យចាស់ជាងបន្តិចហើយ ទើបគាត់បានក្លាយជាខ្សែប្រយុទ្ធមុតស្រួចនៅតំបន់គ្រោះថ្នាក់។ បើប្រៀបធៀបទៅនឹងរបៀបដែលគាត់លេងពីមុន Ronaldo នៅតែមានថាមពលកាន់តែខ្លាំងដដែល ដូច្នេះគាត់មិនចាំបាច់ញាក់ចុះឡើងដើម្បីរកចន្លោះស៊ុត ឬស៊ុតពីចម្ងាយទៀតឡើយ ឲ្យតែគាត់បានបាល់នៅក្នុងតំបន់គ្រោះថ្នាក់ នោះគាត់នឹងអាចទម្លុះសំណាញ់ទីបានហើយ»។
ដំបូងឡើយ Buffon បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីក្រុមអ៊ីតាលីមិនបានចូលរួមក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០១៨ ប៉ុន្តែឥឡូវនេះ គាត់បានផ្តាស់ប្តូរគំនិតវិញ។ គាត់បានអះអាងថា ការវិលត្រឡប់របស់គាត់ គឺដោយសារតែការស្លាប់របស់កីឡាករ Davide Astori ។
ទន្ទឹមនឹងនេះដែរ ក្រុមអាហ្សង់ទីនកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី ដែលជាកន្លែងដែលពួកគេនឹងត្រូវធ្វើការប្រកួតលើកដំបូងជាមួយ Iceland នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ៕
ដោយ៖ Dara Hunii