
សម្បកកង់អត់ខ្យល់ បាននិង កំពុងតែអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈវាអាចនឹងមានប្រើក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះប៉ុណ្ណោះ ។
ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាមេរិក GM បានសហការណ៍ជាមួយនឹង ក្រុមហ៊ុនផលិតសម្បកកង់ Michelin ដោយនឹងចាប់ផ្តើមធ្វើតេស្តិ៍ សម្បកកង់អត់ខ្យល់ ប្រភេទ UPTIS (Unique Puncture-proof Tire System) លើរថយន្ត Chevrolet Bolts នាចុងឆ្នាំខាងមុខនេះ ។ ការធ្វើតេស្តិ៍លើរថយន្ត និង ផ្លូវពិតៗបែបនេះ នឹងជួយដល់ការអភិវឌ្ឍសម្បកកង់អត់ខ្យល់នោះកាន់តែប្រសើរ ដូច្នេះ GM អាចដាក់ឱ្យប្រើលើរថយន្តអ្នកដំណើរ លឿនបំផុតនៅឆ្នាំ ២០២៤ ។
គួរបញ្ជាក់ឱ្យដឹងថា៖ សម្បកកង់អត់ខ្យល់ មានអត្ថប្រយោជន៍ជាច្រើនលើសពីសម្បកកង់ធម្មតា ដោយពួកវាមិនចេះបែក ឬ ផ្ទុះឡើយ ។ មិនតែប៉ុណ្ណោះ អ្នកបើកបរ ក៏មិនចាំបាច់ខ្វល់ខ្វាយរឿងបញ្ចូលខ្យល់ ឬ ប្រឈមមុខនឹងការសឹករិចរិលបង្កឡើងដោយការបញ្ចូលខ្យល់លើស ឬ ខ្វះដែរ ។ សម្បកកង់ UPTIS ក៏នឹងជួយដល់បរិស្ថានដែរ ព្រោះពួកវានឹងកាត់បន្ថយយ៉ាងច្រើននូវចំនួនសម្បកកង់ដែលខូច ឬ ត្រូវគេបោះចោល មុនបញ្ចប់វដ្ដជីវិតរបស់ពួកវា ។ លើសពីនេះ ពួកវាក៏នឹងលុបបំបាត់តម្រូវការលើសម្បកកង់សាគួរទៀតផង ៕
ដោយ៖ សុខះ