
ការប្រកួតកីឡាសិស្សថ្នាក់ជាតិ បង្កើតឡើងក្នុងគោលបំណង សម្រាប់ជ្រើសរើស យុវជនថ្នាលឆ្ពោះ ទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធសិស្ស-និស្សិតកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកព្រឹត្តិការណ៍ កីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ។
ឯកឧត្តម ស សុខា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្កើតឡើង សម្រាប់វាសស្ទង់ សមត្ថភាពកីឡាករ-កីឡាការិនី ងាយស្រួលជ្រើសរើសយុវជនដែលមានសមត្ថាភាព សម្រាប់ទុកជាជាថ្នាល ហើយព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ព្រមទំាងជួយឲ្យសិស្សមានភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានស្មារតីជាក្រុម គំនិតច្នៃប្រឌិត សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួត កីឡា SEA GAMES នាពេលខាងមុខ ។ ហើយវាក៏ជាឱកាសក្នុងការពង្រឹងខ្លួន ក្នុងការរៀបចំការប្រកួតឱ្យស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជា ការប្រកួតកីឡា សិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោក ។ ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងការរីករាយ នឹងលើកទឹកចិត្តដល់ អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើស ជាតិចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ។
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ ២០១៩ នេះ មាន ២៥ រាជធានីខេត្តក្រុងចូលរួម ប្រកួតរយៈពេល ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១៩ ខែមិថុនា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ ។ ដែលមាន ១១ ប្រភេទកីឡាដាក់ឱ្យប្រកួតមានដូចជា កីឡាវាយកូនឃ្លីលើតុ កីឡាបាល់បោះ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាអត្តពលកម្ម កីឡាប៉េតង់ កីឡាតេក្វាន់ដូ ITF កីឡាតេក្វាន់ដូ WT កីឡាបាល់ទាត់ និង កីឡាបាល់ទះ ៕
ដោយ៖ តារា