
De Bruyne រកគ្រាប់បាល់បាន ១១ គ្រាប់ និង បោះបាល់ឲ្យគេស៊ុតបញ្ចូលទីបានចំនួន ១៩ លើកក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ បើទោះបីជាភាគច្រើនគាត់លេងជាកីឡាករនាំលេងនៅខាងក្រោមក៏ដោយ ហើយគាត់ក៏ត្រូវបានគេចាត់ទុកថាជាកីឡាករកំពូលម្នាក់ក្នុងក្របខណ្ឌ Premier League ផងដែរ ទោះបីមិនមែនជាកីឡាករល្អបំផុតក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៦ ឆ្នាំរូបនេះមិនយល់ថា គាត់អាចប្រៀបផ្ទឹមជាមួយនឹង Messi និង Ronaldo ដែលស៊ុតបញ្ចូលទីបាន ៣៥ និង ៣៧ គ្រាប់ក្នុងរដូវកាលនេះនោះទេ។
De Bruyne បានប្រាប់កាសែត Het Belang van Limburg ថា៖ «អ្នកមិនអាចយកខ្ញុំទៅប្រៀបធៀបជាមួយពួកគេបានទេ។ ពួកយើងលេងនៅក្នុងតំណែងខុសគ្នាទាំងស្រុង ។ ពួកគេជាកីឡាករដែលមានកម្រិតខ្ពស់ជាងខ្ញុំនៅលើទីលានប្រកួត ហើយស៊ុតបញ្ចូលទីបានលើសខ្ញុំ ១០ ដងឯណោះ ។ ប្រសិនបើខ្ញុំរកបាន ១០ គ្រាប់ក្នុងមួយរដូវកាល នោះពួកគេអាចរកបានដល់ទៅ ១០០ គ្រាប់។ ប៉ុន្តែ តាមពិតទៅខ្ញុំមានភារកិច្ចផ្សេងនៅលើទីលានប្រកួត»។
Guardiola ជឿថា វាពិតជាមានការលំបាកណាស់ក្នុងការស្វែងរកកីឡាករផ្សេងទៀតដែលមានលក្ខណៈសម្បត្តិដូច De Bruyne ។ យោងតាម Goal គាត់បាននិយាយថា៖ «គាត់មិនមែនលេងល្អបែបនេះតែនៅក្នុងមួយប្រកួតនោះទេ។ គាត់ធ្វើបានល្អបែបនេះពេញមួយរដូវកាលតែម្តង។ នៅក្នុងការប្រកួតជារៀងរាល់បីថ្ងៃម្តង គឺដឹងតែលេងល្អបែបនេះ ។ របៀបដែលគាត់លេងគឺពិតជាពិបាកស្វែងរកកីឡាករណាឲ្យបានដូចគាត់ណាស់ (នៅអឺរ៉ុប) » ៕
ដោយ៖ Dara Hunii