
គ្រាន់តែរៀបការមិនទាន់បានប៉ុន្មានផង ពេលនេះតារាសម្តែងនៅក្នុងរឿង «មុខកាំបិតមុខស្នេហ៍» បានប្រកាសបញ្ចប់អាជីពសិល្បៈ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង ។ មានការសង្ស័យថា មូលហេតុ តុប វិសាល ចាកចេញពីការសម្តែងដោយសារខ្លាចភរិយាប្រចណ្ឌទេដឹង ។
យ៉ាងណាការចាកចេញពីសិល្បៈរបស់លោក តុប វិសាល ត្រូវបានគេដឹងថា ដោយសារលោកជាប់ទៅបន្តការសិក្សានៅបរទេស តែលោកមិនបានបញ្ជាក់ថា ទៅប្រទេសណានោះទេ ។ តារាសម្តែងរូបសង្ហានេះបានបញ្ជាក់ថា នៅតែស្រឡាញ់សិល្បៈ បើមានឱកាសលោកនឹងត្រលប់មកចាប់អាជីពនេះជាថ្មីម្តងទៀត ។ មុននឹងបញ្ចប់ការសម្តែងលោក តុប វិសាល បានបន្សល់នូវរឿងចុងក្រោយគឺរឿង «សន្យា» ដែលលោកសង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់មហាជន ។
បើគិតមកដល់ពេលនេះតារាសម្ដែង តុប វិសាល បានចូលរួមសម្តែងរឿងបានជាច្រើនរឿងមកហើយ ដែលមានទាំងតួឯក និង តួរង ។ រឿងដែលធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍ខ្លាំងគឺភាពយន្តខ្លីរឿង «បងប្អូន» និង «មុខកាំបិតមុខស្នេហ៍» ដែលកំពុងបញ្ចាំងនៅទូរទស្សន៍បាយ័ន ។ ស្របពេលប្រជាប្រិយភាពកំពុងលេចធ្លោតារាសម្តែង តុប វិសាល បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់នៅខេត្តកំពង់ឆ្នាំងកាលពីចុងខែឧសភាកន្លងទៅ ដែលធ្វើឱ្យប្រិយមិត្តនារីជាច្រើនខកចិត្តមិនស្ទើរទេ ៕
ដោយ៖ សុខះ