ទោះប្រកាសចាកចេញពី PSG ក៏ដោយ ប៉ុន្តែ Buffon មិនទាន់ចូលនិវត្តន៍ពីបាល់ទាត់នៅឡើយទេ

6963

បន្ទាប់ពីបានយល់ព្រមចាកចេញពីក្លឹប Paris Saint-Germain នៅចុងខែមិថុនា ខាងមុខ អ្នកចាំទីចាស់វស្សា Gianluigi Buffon បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា គាត់នឹងត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញដើម្បីស្វែងរកការប្រកួតប្រជែងថ្មីមួយក្នុងប្រទេសកំណើតរបស់ខ្លួន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង AFP ។

អ្នកចាំទីវ័យ ៤១ ឆ្នាំរូបនេះបានសរសេរលើ Instagram ក្នុងរបស់គាត់ថា៖ ” ថ្ងៃនេះ (កាលពីថ្ងៃពុធ) ដំណើរផ្សងព្រេងរបស់ខ្ញុំក្រៅប្រទេសអ៊ីតាលីត្រូវបញ្ចប់: PSG បានផ្តល់ជម្រើសកុងត្រាថ្មីដល់ខ្ញុំ ដែលខ្ញុំគ្មានអារម្មណ៍ថា វាត្រឹមត្រូវក្នុងការចុះកុងត្រាដើម្បីឱ្យស្របតាមគំនិតដែលខ្ញុំចង់ស្វែងរកការប្រកួតប្រជែងក្នុងបទពិសោធន៍ និង អាជីពថ្មីនោះទេ ” ។

ទោះបីជាបានចាកចេញពីប្រទេសបារាំង ក៏ពិតមែន ប៉ុន្តែ Buffon មិនទាន់ចង់ចូលនិវត្តន៍ពីពិភពបាល់ទាត់នៅឡើយនោះទេ ។ ខណះភ្នាក់ងាររបស់គាត់គឺលោក Silvano Martina បានបញ្ជាក់យ៉ាងច្បាស់ថា Gigi មិនដែលគិតចង់ឈប់លេងបាល់នោះទេ ។ បើតាមលោក Silvano គឺ Buffon នៅមានក្លឹបមួយចំនួនទៀតក្នុងប្រទេសអ៊ីតាលី ដែលចាប់អារម្មណ៍គាត់ ដូចជាក្រុម Genoa និងក្រុម Lazio ជាដើម ។

សូមបញ្ជាក់ថា កុងត្រារបស់ Buffon នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខ ។ Buffon បានមកលេងនៅក្លឹប PSG របស់បារាំងកាលពីឆ្នាំ ២០១៨ បន្ទាប់ពីរួមរស់រយៈពេល ១៧ ឆ្នាំជាមួយក្លឹប Juventus ។ កីឡាករវ័យ ៤១ ឆ្នាំរូបនេះជាអ្នកចាំទីម្នាក់ដែលបង្ហាញខ្លួនបានច្រើនជាងគេក្នុងពិភពបាល់ទាត់ ដោយការប្រកួតក្នុងលីគជាមួយក្លឹប Parma, Juventus និង PSG សរុបមកដល់ពេលនេះគាត់បង្ហាញខ្លួន ៦៩៤ ប្រកួត ។ ហើយនៅក្នុងជម្រើសជាតិឈុតធំគាត់បង្ហាញខ្លួនបាន ១៧៦ ដង និង បានក្លាយជាជើងឯកបាល់ទាត់ពិភពលោក World Cup ជាមួយអ៊ីតាលី កាលពីឆ្នាំ ២០០៦ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី