ប្រទេសចិន អាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup នៅឆ្នាំ ២០៣០

28867
  • ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បាននិយាយកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះថា លោកស្វាគមន៍ប្រទេសចិន ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ ២០៣០ បន្ទាប់ពីចិន បានសិទ្ធិជាប្រទេសរៀបចំការប្រកួតព្រឹត្តិការណ៍ Asian Cup នៅឆ្នាំ ២០២៣ ។

    ការពីមុនបើតាមច្បាប់របស់ FIFA គឺត្រូវតែមានការផ្លាស់ប្តូរទ្វីបធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នេះ ។ ហើយកាលពីមុនលោក Infantino ក៏ធ្លាប់លើកឡើងថា លោកមិនដែលគិតថា ចិននឹងអាចចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០៣០ នោះទេ ពីព្រោះតែវាមានគម្លាតត្រឹមតែ ៨ ឆ្នាំ បន្ទាប់ពីប្រទេសកាតាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ ខាងមុខ ។ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាអ្នកគាំទ្របាល់ទាត់ម្នាក់ដែរ បានលើកឡើងក្នុងពេលប្រកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកសង្ឃឹមថា ប្រទេសរបស់លោកអាចនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតធំបែបនេះក្នុងចន្លោះឆ្នាំ ២០៣០ និង ២០៣៤ ទៀត បើអាចទៅរួច ។

    សូមបញ្ជាក់ផងដែរថា ប្រទេសចិន បានជាប់ចូលលេងក្នុងព្រឹត្តិការណ៍ប្រកួត World Cup បានតែ ១ ដងប៉ុណ្ណោះគិតតាំងពីឆ្នាំ ១៩៣០ មក គឺក្នុងឆ្នាំ ២០០២ ដែលប្រទេសជប៉ុន និង កូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះ ។ ក្រោយមកទៀតចិន ពុំដែលជាប់ក្នុងជម្រើស ៣២ ក្រុមដើម្បីទៅលេងនៅ World Cup នោះទេ ។ ប៉ុន្តែប្រសិនបើចិន បានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នៅឆ្នាំ ២០៣០ គេមិនចាំបាច់ប្រកួតជម្រុះដ៏លំបាកលំបិនទេ គឺគេបានសិទ្ធិចូលរួមប្រកួតតែម្តង ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី