ព្រោះតែជួយឱ្យ Chelsea លើកពាន UEL ទើបធ្វើឱ្យបារាំងលុបឈ្មោះ Kante ចេញពីក្រុមជម្រើសជាតិ

28645
  • ខ្សែបម្រើឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករវ័យ ២៨ ឆ្នាំ N’Golo Kante ត្រូវបានសហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសថា នឹងត្រូវអវត្តមានពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ Euro ឆ្នាំ ២០២០ ខាងមុខនេះ ក្នុងជំនួបតទល់ជាមួយ ក្រុមតួកគី និង អង់ដូរ៉ា ។

    មូលហេតុនៃការអវត្តមាន និងត្រូវលុបឈ្មោះពីក្រុមជម្រើសជាតិ ជាបណ្តោះអាសន្ននេះ គឺដោយសារបញ្ហារបួសជង្គង់ ។ របួសជង្គង់ដែលកើតមានលើកីឡាករសុខភាពរមធ្យមរូបនេះតាំងពីមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រវាងក្រុម Chelsea និងក្រុម Arsenal នៅទីក្រុងបាគូ មកម្លេះ ។ ប៉ុន្តែទោះបីជាមានបញ្ហារបួសក្ដី តែកាលណោះលោក Marrizio Sarri បានសម្រេចចិត្តដាក់ Kante ឱ្យលេងពេញ ៩០ នាទី នៅវគ្គផ្តាច់ព្រ័ត្រ ដោយប្រើឧបករណ៍ជំនួយជង្គង់របស់គាត់ ។ ការលេង ៩០ នាទីរបស់ Kante ដែលជាចំណែកមួយធ្វើឱ្យ Chelsea យកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ៤ ទល់នឹង ១ និងបានក្លាយជាជើងឯកក្របខ័ណ្ឌ UEFA Europa League រដូវកាល ២០១៨/២០១៩ នេះ ។

    គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានអះអាងថា Kante ពិតជាមិនអាចទៅរួចឡើយ ដោយសារតែរបួសជង្គង់ជាទម្ងន់ ដូច្នេះលោកក៏មិនកោះហៅកីឡាកររូបនេះមកលេងក្នុងពេលប្រកួតជម្រុះ Euro នេះនោះឡើយ ។ ជាការកត់សម្គាល់ មានមតិមួយចំនួនរិះគន់លើគ្រូបង្វឹក Chelsea លោក Sarri ដែលព្យាយាមប្រើប្រាស់ N’Golo Kante ស្ទើរតែហួសពីសមត្ថភាព ខណៈគាត់ក៏ដឹងថា Kante មានបញ្ហារបួសធ្ងន់ធ្ងរ ហើយគាត់ក៏មានជម្រើសក្នុងការដាក់ឱ្យកីឡាករខ្សែបម្រើផ្សេងទៀតចូលលេងបាននោះ ។ គួរជម្រាបជូនថាក្នុងការប្រកួតជម្រុះ Euro ឆ្នាំ ២០២០ បារាំង គឺស្ថិតនៅក្នុងពូល H ដោយមាន តួកគី អាល់ប៉ានី អៀកឡង់ និង Moldova ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី