Facebook ប្រកាសចេញលុយឌីជីថលរបស់ខ្លួនផ្ទាល់នាខែនេះ នឹងដាក់ឱ្យប្រើទូទាំងពិភពលោក ឆ្នាំ ២០២០

9183

Facebook នឹងប្រកាសចេញរូបិយប័ណ្ណឌីជីថលថ្មី នៅខែមិថុនានេះ ។ នេះបើតាមការចុះផ្សាយរបស់ The Information ។ បន្ថែមពីនេះបុគ្គលិក Facebook ដែលសិក្សាលើគម្រោងការនេះអាចមានជម្រើសយកប្រាក់ចំណូលជារូបិយប័ណ្ណឌីជីថលនេះជំនួសឱ្យសាច់ប្រាក់សុទ្ធ ។ របាយការណ៍កន្លងទៅឱ្យដឹងថា ការដាក់ឱ្យប្រើរូបិយប័ណ្ណនេះលើសកលលោកនឹងចាប់ផ្ដើមឆ្នាំ ២០២០ ខាងមុខនេះ ។

រូបិយប័ណ្ណឌីជីថលនេះនឹងត្រូវប្រើប្រាស់នៅលើផលិតផល Facebook ដូចជាកម្មវិធី WhatsApp, Messenger និងផ្សេងៗទៀត ។ ជាងនេះទៅទៀត បណ្ដាហាងដែលទទួលយករូបិយប័ណ្ណឌីជីថលរបស់ហ្វេសប៊ុកសម្រាប់ការទូទាត់នឹងអាចទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ។ សកម្មភាពនេះគឺស៊ីគ្នានឹងការសម្រុកទៅកាន់ផ្នែកលក់ទំនិញអនឡាញរបស់ហ្វេសប៊ុក ។ នៅក្នុងកម្មវិធី F8 ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសពីមុខងារទិញទំនិញថ្មីៗដែលនឹងមកដល់ឆាប់ៗដូចជាអនុញ្ញាតឱ្យអ្នកប្រើ Instagram ទិញទំនិញពីគណនីលក់ទំនិញណាមួយក៏បាន , ឱ្យហាងដាក់បង្ហាញផលិតផលរបស់ខ្លួនលក់លើកម្មវិធី WhatsApp និងអនុញ្ញាតឱ្យអ្នកលក់លើ Facebook Marketplace ដឹកទំនិញតាមរយៈកម្មវិធី Facebook នៅក្នុងមួយទ្វីបអាមេរិក ដើម្បីឱ្យការទិញលក់កាន់តែងាយស្រួល ។

ដើម្បីសាងទំនុកចិត្តពីអ្នកប្រើ Facebook បានស្វែងរកដៃគូបង្កើតនូវក្រុមមួយដើម្បីគ្រប់គ្រងរូបិយប័ណ្ណថ្មីនេះ ។ The Information បានសរសេរថា ហ្វេសប៊ុកបានល្បួងស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដើម្បីចូលរួមលើក្រុមឯករាជ្យមួយដែលនឹងជួយបណ្ដាក់ទុន និង ជួយគ្រប់គ្រងរូបិយប័ណ្ណឌីជីថលនេះ ។ ប្រសិនបើហ្វេសប៊ុកពិតជាសម្រេចជោគជ័យលើរូបិយប័ណ្ណឌីជីថលនេះវានឹងមានអ្នកប្រើប្រាស់ធំជាងរូបិយប័ណ្ណឌីជីថលមុនៗទៀត ដោយមានមនុស្ស ២,៣ ពាន់លាននាក់ប្រើប្រាស់ហ្វេសប៊ុកជុំវិញពិភពលោក នៅត្រីមាសទីមួយឆ្នាំ ២០១៩ នេះ មិនទាន់គិតបញ្ចូលទាំងកម្មវិធី WhatsApp និងកម្មវិធី Instagram ផង ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី