ជួយអភិរក្សផង!!! ប្រភេទបក្សីជិតផុតពូជ សត្វ ខ្សឹប មានការថយចុះយ៉ាងខ្លាំងនៅកម្ពុជា

19621

យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះដែលបានធ្វើឡើងរួមគ្នាដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វ ខ្សឹប ឬ សត្វ ទ្រមាក់អណ្តើក នៅកម្ពុជាបានថយចុះយ៉ាងច្រើនចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ។

សត្វ ខ្សឹប

សត្វ ខ្សឹប ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វស្លាបដែលកំពុងជិតផុតពូជនៅលើពិភពលោក ។ ប្រភេទសត្វស្លាបនេះបច្ចុប្បន្នស្ទើរតែជិតផុតពូជអស់ទៅហើយនៅក្នុងតំបន់ទំនាបលិចទឹកបឹងទន្លេសាបនៃប្រទេសកម្ពុជា ។  អង្គការ WCS និង ក្រសួងបរិស្ថានបានពិនិត្យតាមដានរួមគ្នាលើប្រមាណជា ៨០ ភាគរយនៃចំនួនប្រជាសាស្រ្តរបស់សត្វ ខ្សឹប នេះជារៀងរាល់ឆ្នាំ ។ ក៏ប៉ុន្តែនេះគឺជាលើកទី ៣ ហើយដែលចំនួនប្រជាសាស្រ្តទាំងស្រុងរបស់បក្សីដ៏កម្រមួយនេះត្រូវបានអង្កេតតាមដាន ។ ចំនួនសត្វ ខ្សឹប វ័យបន្តពូជសរុបនៅកម្ពុជា ក្នុងឆ្នាំ ២០១៨ មានប្រមាណ ១៣៨ ក្បាល ។ ចំនួនសត្វ ខ្សឹប ឈ្មោលមាន ៣ ដងច្រើនជាងខ្សឹបញី ។

សេចក្តីប្រកាសព័ត៌មានដដែលក៏បានបញ្ជាក់ដែរថា លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយនៅលើព្រឹត្តិបត្រអភិរក្សសត្វស្លាបនាពេលថ្មីៗនេះបានបង្ហាញថា ចំនួនសត្វ ខ្សឹប នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានថយចុះប្រមាណ ៥៥ ភាគរយចាប់តាំងពីឆ្នាំ ២០១២ មក ។ ក្រុមអ្នកអភិរក្សបានប៉ាន់ស្មានថា ចំនួនសត្វខ្សឹបក្នុងឆ្នាំ ២០១៨ បានថយចុះមកនៅត្រឹមតែ ១០៤ ក្បាលប៉ុណ្ណោះបើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ ២១៦ ក្បាល ។ ការស្រាវជ្រាវនេះបានរកឃើញថា តំបន់ដែលសត្វ ខ្សឹប រស់នៅបានថយចុះមកនៅត្រឹមតែ ៤ តំបន់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ ២០១២ គឺមានរហូតដល់ចំនួន ១០ តំបន់ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី