
ក្រុមហ៊ុន Vingroup របស់ប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតស្មាតហ្វូនទី២ របស់ខ្លួន ដែលមានសមត្ថភាពអាចផលិតម៉ាកទូរស័ព្ទជាសកល ។
រោងចក្រទំហំ ១៥ហិកតា នៅក្នុងឧស្យាន Hoa Lac Hi-Tech Park ស្ថិតនៅភាគខាងលិចនៃទីក្រុងហាណូយខាងលើ អាចផលិតទូរស័ព្ទបានរហូតដល់ទៅ ២៣លានគ្រឿងក្នុងមួយឆ្នាំ នៅពេលសាងសង់រួចរាល់ក្នុងដំណាក់កាលទីមួយនៅខែសីហា ។ នៅពេលសាងសង់រួចរាល់ជាស្ថាពរ រោងចក្រនេះនឹងអាចផលិតបានរហូតដល់ទៅ ១២៥លានគ្រឿង ពោលគឺច្រើនជាង ២៥ ដងនៃរោងចក្រដែលមានស្រាប់នៅទីក្រុង Hai Phong ។
គួរឱ្យដឹងថា៖ រោងចក្រនោះនឹងប្រើគ្រឿងយន្តកម្រិតអតិបរមា ដើម្បីកាត់បន្ថយកំហុសឆ្គងរបស់មនុស្ស ។ សូមបញ្ជាក់បន្ថែមថា ទូរស័ព្ទដៃស្មាតហ្វូនរបស់ក្រុមហ៊ុន Vingroup គឺ Vsmart មិនមែនជាទូរស័ព្ទតែមួយម៉ាកគត់ ដែលនឹងត្រូវផលិតនៅរោងចក្រខាងលើឡើយ ។ ថ្វីបើទើបតែចាប់ផ្តើមសាងសង់រោងចក្រ ប៉ុន្តែប្រធានប្រតិបត្តិក្រុមហ៊ុន Vingroup លោក Nguyen Viet Quang បានឱ្យដឹងថា៖ ក្រុមហ៊ុនទទួលបានកុងត្រាដើម្បីផលិតទូរស័ព្ទឱ្យក្រុមហ៊ុនធំៗនៅអឺរ៉ុប និង សហរដ្ឋអាមេរិករួចទៅហើយ ៕
ដោយ៖ សុខះ