
តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ Rihanna បានជាប់ឈ្មោះជាតន្ត្រីករស្រីសម្បូរប្រាក់ ដាច់គេកាលពីពេលថ្មីៗនេះ ដោយទ្រព្យសរុបរបស់នាងច្រើនដាច់តារាចម្រៀងស្រីល្បីឈ្មោះដូចជា Madonna, Celine Dion, Beyonce និង ជាច្រើនផ្សេងទៀតដាច់ឆ្ងាយតែម្តង ។
យោងតាមសារព័ត៌មាន Forbes គេបានដឹងថា ទ្រព្យសរុបរបស់នាង Rihanna មានប្រមាណដល់ទៅ ៦០០ លានដុល្លារ ដែលលើសអ្នកកាន់កំណត់ត្រាចាស់ Madonna ប្រមាណដល់ទៅ ៣០ លានដុល្លារ ។
គេបានដឹងដែរថា៖ នាង Rihanna មិនមែនពឹងពាក់លើអាជីពចម្រៀងមួយមុខនោះទេ ដើម្បីរកទ្រព្យបានច្រើនបែបនេះ ដោយចំណូលនាងមួយផ្នែកធំបានមកពីការសហប្រតិបត្តិជាមួយនឹងក្រុមហ៊ុនបារាំងល្បីឈ្មោះ LVMH ដែលក្រុមហ៊ុននេះជាម្ចាស់របស់ផលិតផលល្បីៗជាច្រើនដូចជា Christian Dior, Givenchy, Louis Vuitton ជាដើម ។
ជុំវិញការឡើងកាន់កាប់កំណត់ត្រានេះដែរ នាង Rihanna បានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយគេជឿថា នៅឆ្នាំក្រោយទ្រព្យរបស់នាងនឹងកាន់តែកើនទៀត ក្រោយពីនាងបានបើកអាជីវកម្មផ្ទាល់ខ្លួនថ្មីៗជាច្រើននាដើមឆ្នាំ ២០១៩ នេះ ៕
ដោយ៖ សុខះ