ទង់តៃវ៉ាន់ ត្រូវបានដាក់ឱ្យស្មើរមុខស្មើរមាត់ជាមួយប្រទេសដ៏ទៃ ក្នុងសន្និសីទមួយនៅសហរដ្ឋអាមេរិក

24094
  • កងកម្លាំងម៉ារីន ប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ទើបតែបញ្ចេញរូបថតមេបញ្ជាការ និង ទង់តៃវ៉ាន់ ក្នុងសន្និសីទតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ប្រចាំឆ្នាំមួយហៅថា Pacific Amphibious Leaders Symposium (PALS-19) ដែលធ្វើឡើងកាលពីថ្ងៃទី ៣ ដល់ទី ៦ ខែមិថុនា ឆ្នាំ ២០១៩ នៅរដ្ឋ Honolulu កោះហាវ៉ៃសហរដ្ឋអាមេរិក ។

    ចំពោះរូបទង់តៃវ៉ាន់ គឺត្រូវបានគេសង្កេតឃើញក្នុងពេលដែលលោកឧត្តមនាវីឯក លោក Phil Davidson ដែលមេបញ្ជាការអាមេរិកប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ឡើងថ្លែងក្នុងសន្និសីទ PALS-19 ។ ចំណែករូបមួយទៀត គឺមេបញ្ជាការតៃវ៉ាន់ លោកឧត្តមសេនីយ៍ទោ លោក Liu Erh Jung និង លោកឧត្តមសេនីយ៍ឯក លោក H. Stacy Clardy III មេបញ្ជាការកងម៉ារីនប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ផ្លាស់ប្តូរអំណោយគ្នាទៅវិញទៅមកក្នុងអំឡុងពេលលោក Liu បានចូលរួមក្នុងសន្និសីទនេះ ។ គួររំលឹកដែរថា កាលពីថ្ងៃទី ៨ ខែមិថុនាកន្លងទៅ ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ចេញរបាយការណ៍កម្រាស់ ៥៥ ទំព័រផងដែរ ដែលបង្ហាញអំពីយុទ្ធសាស្រ្តអាមេរិកក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ។ ក្នុងរបាយការណ៍នោះត្រូវគេកត់សម្គាល់ឃើញថា តៃវ៉ាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលសហរដ្ឋអាមេរិកត្រូវពង្រឹងភាពជាដៃគូស្របជាមួយ សិង្ហបុរី ណូវែលហ្សេឡង់ និង ម៉ុងហ្គោលី ។

    ក្នុងរបាយការណ៍នេះបានសរសេរយ៉ាងដូច្នេះថា៖ ” ប្រទេសទាំង ៤ នេះបានចូលរួមចំណែកក្នុងបេសកកម្មរបស់អាមេរិកនៅជុំវិញពិភពលោក និង ចូលរួមយ៉ាងសកម្មក្នុងការរក្សាសេរីភាព និង បើកចំហសណ្តាប់ធ្នាប់អន្តរជាតិ​ ” ។ របាយការណ៍នេះបន្តថា ប្រទេសទាំង ៤ គឺជាដៃគូ ធម្មជាតិ ជឿជាក់ និង មានសមត្ថភាព ។ ខណះក្រុងប៉េកាំង មិនបានទទួលស្គាល់ តៃវ៉ាន់ ថាជារដ្ឋឯករាជ្យឡើយ ដោយគ្រាន់តែចាត់ទុកជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ។

    សូមជម្រាបថា សន្និសីទ PALS គឺជាការប្រមូលផ្តុំនូវមេបញ្ជាការយោធាមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកចំនួន ២០ នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធាទាំងផ្លូវទឹក គោក និង អាកាស ជាមួយនឹងគោលបំណងរក្សា  និង ការបង្កើតទំនាក់ទំនងក្នុងតំបន់ព្រមទាំងកិច្ចពិភាក្សាអំពីទិដ្ឋភាពសំខាន់ៗលើការអភិវឌ្ឍសមត្ថភាពការឆ្លើយតបនឹងវិបត្តិ និង អន្តរប្រតិបត្តិការជាដើម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី