ពិតទេដែលមានបណ្ដាសាលើអ្នកពាក់អាវលេខ ៧ នៅក្លឹប Manchester United បន្ទាប់ពី Ronaldo?

12069

មិនមានអ្វីគួរឱ្យសង្ស័យទេថា កីឡាករ Cristiano Ronaldo គឺជាកីឡាករឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់រូបនេះបានចាប់ផ្ដើមអាជីពបាល់ទាត់ឈុតធំរបស់ខ្លួននៅក្លឹប Sporting CP និង បានទទួលប្រជាប្រិយភាពខ្លាំង ពេលដែលគេប្ដូរមកក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ ២០០៣ ។

ក្នុងអំឡុងពេល ៦ រដូវកាលកីឡាករ Ronaldo បានបង្ហាញខ្លួនចំនួន ២៩២ លើកឱ្យក្រុមបិសាចក្រហម និង រកគ្រាប់បាល់បាន ១១៨ គ្រាប់ក្នុងគ្រប់ប្រកួតទាំងអស់ ។ ពេលដែលគេសម្រេចចិត្តចាកចេញពីក្រុម Man Utd ទៅចូលរួមជាមួយក្លឹប Real Madrid គេត្រូវបានចាត់ទុកថាជាកីឡាករមួយរូបក្នុងចំណោមកីឡាករដែលល្អបំផុតរបស់ក្លឹបបិសាចក្រហម Manchester United រួចស្រេចទៅហើយ ។ ពេលដែលគេចូលរួមជាមួយក្លឹប Man United បានគេបានពាក់អាវលេខ ៧ ។ អ្នកណាក៏ដឹងដែរថា ក្រុមបិសាចក្រហម ចាត់ទុកអាវលេខ ៧ ជាលេខមួយដ៏ពិសេសដែលមានតែកីឡាករឆ្នើមៗរបស់ក្លឹបប៉ុណ្ណោះ ទើបមានឱកាសអាចពាក់អាវលេខមួយនេះបាន ។ សិស្សច្បងមុនជំនាន់របស់ Ronaldo ដែលធ្លាប់ពាក់អាវនេះរួមមាន លោក George Best, លោក Paul Ince, លោក Bryan Robson , លោក Erik Cantona និងអតីតកីឡាករ David Beckham ជាដើម ។

បន្ទាប់ពីគេបានចូលរួមជាមួយក្រុមមួយនេះកីឡាករ Ronaldo បានបង្ហាញឱ្យអ្នកគាំទ្រឃើញថា មូលហេតុអ្វីបានជាគេត្រូវបានជ្រើសរើសឱ្យពាក់អាវមួយនេះ ។ ១០ ឆ្នាំក្រោយពេលដែលគេបានចាកចេញពីទឹកដី Old Trafford គឺគេនៅតែត្រូវបានចាត់ទុកក្នុងចំណោមកីឡាករដែលឆ្នើមបំផុតដែលត្រូវបានជ្រើសរើសឱ្យពាក់អាវលេខ ៧ របស់ក្លឹប Manchester United ដដែល ។ ប៉ុន្តែគួរឱ្យសោកស្ដាយអ្វីៗមិនដូចពីមុននោះទេ ។ បន្ទាប់ពី Ronaldo មានកីឡាករ ៥ រូបផ្សេងទៀត ដែលរួមមានដូចជា Michael Owen ,  Antonio Valencia , Angel Di Maria , Memphis Depay និងកីឡាករ Alexis Sanchez បានស្នងបន្តអាវលេខ ៧ ប៉ុន្តែទម្រង់លេងរបស់ពួកគេមិនសូវល្អនោះទេ ។ បន្ថែមលើនេះតួលេខមួយនាពេលថ្មីៗនេះបានបង្ហាញថា កីឡាករដែលបានពាក់លេខ ៧ ទាំង ៥ រូប បន្ទាប់ពី Ronaldo រកបានគ្រាប់បាល់សរុបមកទល់នឹងថ្ងៃនេះឱ្យក្រុមបិសាចក្រហមបានត្រឹមតែ ១៥ គ្រាប់ប៉ុណ្ណោះ ។

Cristiano Ronaldo ចាកចេញពីក្លឹប Man United បាន ១០ ឆ្នាំមកហើយ មានន័យថា បើក្នុងមួយរដូវកាលកីឡាករលេខ ៧ របស់ក្រុម Man United រកបានជាមធ្យមតែ ១ គ្រាប់កន្លះប៉ុណ្ណោះក្នុងមួយរដូវកាលពិតជាគួរឱ្យភ្ញាក់ផ្អើលមែន ។ នៅក្នុងរដូវក្ដៅនេះអ្នកចាត់ការក្លឹបគឺលោក Ole Gunnar Solskjaer ចង់ធ្វើការសើរើរៀបចំឡើងវិញនូវសមាសភាពកីឡាកររបស់ Man United ។ អ្នកចាត់ការសញ្ជាតិន័វេស៍រូបនេះសង្ឃឹមថា ការធ្វើបែបនេះអាចបង្កើនឱកាសប្រជែងយកពានលីគកំពូលអង់គ្លេសជាមួយក្លឹបយក្សផ្សេងៗទៀតដូចជាក្រុម Manchester City, Liverpool និងក្រុមតោខៀវ Chelsea ជាដើម ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី