
បើយោងតាមសារព័ត៌មានដ៏ល្បីរបស់ប្រទេសអ៊ីតាលី Tuttosport បានឱ្យដឹងថា អ្នកចាំទីចាស់វស្សា Gianluigi Buffon ដែលបានសម្រេចចិត្តចាកចេញពីក្លឹប Paris Saint-Germain នៅចុងរដូវកាលនេះនឹងចូលរួមជាមួយក្លឹប FC Porto របស់ព័រទុយហ្កាល់ដើម្បីជំនួសចាំទី Iker Casillas ។
ទោះជាយ៉ាងណាក៏ដោយដំណឹងនេះស្ថិតនៅក្នុងការរង់ចាំ ព្រោះគេត្រូវបញ្ជាក់ថា Casillas ពិតជាចូលនិវត្តន៍មែន ។ តាំងពីជួបបញ្ហាគាំងបេះដូងកាលពីចុងខែឧសភា មកក្រុមគ្រូពេទ្យបានណែនាំមិនឱ្យ Casillas បន្តលេងបាល់នោះទេ ។ ប៉ុន្តែកីឡាករវ័យ ៣៨ ឆ្នាំនេះនៅពុំទាន់បញ្ជាក់ដាច់ស្រេចជាមួយក្លឹបនៅឡើយទេ ។ ជាការកត់សម្គាល់នរណាក៏ដឹងថា Buffon និង Casillas គឺជាសម្លាញ់ល្អនឹងគ្នាក្នុងអាជីពបាល់ទាត់ ។ Buffon បានជូនពរនិងបារម្ភដល់ Casillas អំឡុងពេលអ្នកចាំទីអេស្ប៉ាញប្រឈមនឹងជំងឺបេះដូងធ្ងន់ធ្ងរ ។
ក្រោយពេលយល់ព្រមចាកចេញពីក្លឹប Paris Saint-Germain អ្នកចាំទីវ័យ ៤១ ឆ្នាំ Buffon បានបង្ហើបថា គាត់នឹងត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដែលទំនងជាអាចទៅលេងនៅក្លឹបថ្នាលរបស់គាត់ Parma ឬក៏ក្លឹប Genoa និងក្រុម Lazio ជាដើម ។ ប៉ុន្តែ Buffon បានក៏បានបង្ហើបថា គាត់ចង់ប្រើពេលរបស់គាត់បន្តក្នុងអាជីពបាល់ទាត់ដោយផ្សងព្រេងក្នុងផ្លូវថ្មី ហើយចង់ជួយក្លឹបណាមួយ ។
សូមបញ្ជាក់ផងដែរថា Buffon បានមកលេងនៅក្លឹប PSG របស់បារាំងកាលពីឆ្នាំ ២ឥ១៨ បន្ទាប់ពីរួមរស់រយៈពេល ១៧ ឆ្នាំជាមួយក្លឹប Juventus ។ បុរសវ័យ ៤១ ឆ្នាំរូបនេះជាអ្នកចាំទីម្នាក់ដែលបង្ហាញខ្លួនបានច្រើនជាងគេក្នុងពិភពបាល់ទាត់ផងដែរ ដោយគិតទាំងការប្រកួតជាមួយក្លឹប Parma , Juventus និង PSG ជាសរុបមកដល់ពេលនេះ គាត់បង្ហាញខ្លួនបាន ៦៩៤ ។ ហើយនៅក្នុងជម្រើសជាតិឈុតធំគាត់បង្ហាញខ្លួនបាន ១៧៦ ដង និង បានជួយឱ្យអ៊ីតាលីក្លាយជាជើងឯកបាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ ២០០៦ ផងដែរ ៕
ដោយ៖ តារា