យ៉ាងហោចណាស់មនុស្ស ៧២ នាក់បានរងរបួស ក្រោយពីប៉ូលិសចិនបាញ់គ្រាប់កាំភ្លើងជ័រ លើបាតុករ

32789
  • យ៉ាងហោចណាស់មានមនុស្សចំនួន ៧២ នាក់បានរងរបួស ក្រោយពេលដែលប៉ូលិសនៅហុងកុងបានបាញ់គ្រាប់កាំភ្លើងជ័រ និង គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក កាលពីថ្ងៃពុធទៅលើអ្នកតវ៉ារាប់ម៉ឺននាក់ ដែលឡោមព័ទ្ធការិយាល័យកណ្ដាលរដ្ឋាភិបាល និង ផ្លូវនៅជុំវិញនោះ ។

    បើយោងតាមស្នងការប៉ូលិសហុងកុងលោក Steven Lo Wai-Chung បានឱ្យដឹងថា ប៉ូលិសរហូតដល់ ៥,០០០ នាក់ប្រដាប់ដោយអាវុធបង្ក្រាបបាតុកម្មត្រូវបានបញ្ជូនទៅទប់ទល់ជាមួយបាតុករ ។ លោកបន្ថែមថា ប៉ូលិសគ្មានជម្រើសណាផ្សេងក្រៅពីប្រើប្រាស់កម្លាំងដើម្បីបំបែកក្រុមបាតុករនោះទេ ដោយសារពួកគេបានគប់ឆ័ត្រ និង ដុំឥដ្ឋមកលើប៉ូលិស ។ ចំណែកខាងអាជ្ញាធរមន្ទីរពេទ្យឱ្យដឹងកាលពីវេលាម៉ោង ១០ យប់ថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៧២ នាក់រងរបួស ក្រោយការប៉ះទង្គិចគ្នាកាលពីរសៀលថ្ងៃដដែល ។

    ក្នុងចំណោមអ្នករងរបួសទាំងអស់ក្នុងនោះ ២ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ១៩ នាក់ទៀតរងរបួសស្រាល ខណៈ ១០ នាក់មិនទាន់ដឹងពីស្ថានភាព ហើយ ៤១ នាក់ផ្សេងទៀតត្រូវបានព្យាបាល និង អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ។ ក្នុងចំនោមអ្នកដែលត្រូវបានរាប់បញ្ចូលមាន ៥០ នាក់ជាបុរស និង ២២ នាក់ជាស្ត្រី ដែលមានអាយុពី ១៥ ទៅ ៦៦ ឆ្នាំ ។ គួរឱ្យដឹងថា ការតវ៉ានេះត្រូវបានធ្វើឡើងក្រោយពេលដែលមានការស្នើសុំបង្កើតច្បាប់បត្យាប័នថ្មី ដែលអនុញ្ញាតឱ្យជនល្មើសត្រូវបញ្ជូនទៅកាន់ចិនដីគោក ដើម្បីកាត់ក្ដី និង ដោយសារពួកគេមិនទុកចិត្តលើការគោរពសិទ្ធិមនុស្ស និង ប្រព័ន្ធច្បាប់របស់ចិនដីគោក ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី