
Didier Drogba បានច្រានចោលនូវសេចក្តីរាយការណ៍នៃភាពល្អក់កករវាង Paul Pogba និង Jose Mourinho ដែលមិនអាចដោះស្រាយបាន ដោយលើកឡើងថា តាមពិតអតីតគ្រូបង្វឹករបស់គាត់គាំទ្រកីឡាករសញ្ជាតិបារាំងរូបនេះខ្លាំងណាស់។
Drogba បានលេងឲ្យ Mourinho ពីរលើកនៅ Chelsea ដែលលើកទីមួយចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ ហើយរដូវកាលបន្ទាប់គឺឆ្នាំ ២០១៤/១៥ ។ ខ្សែប្រយុទ្ធរូបនេះបានបង្ហើបអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងគ្រូបង្វឹករបស់ Man Utd រូបនេះថាមានលក្ខណៈល្អឥតខ្ចោះ បើទោះបីជានៅក្រៅមើលទៅដូចធម្មតាក៏ដោយ។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូឌីវ័ររូបនេះបាននិយាយថា៖ «យើងមានការមិនចុះសម្រុងគ្នាជាច្រើនលើកច្រើនសារ ប៉ុន្តែ Jose នឹងមិនស្តីឲ្យកីឡាករណាដែលគាត់មិនចូលចិត្តនោះទេ។គាត់ពេញចិត្ត Paul ខ្លាំងណាស់ ហេតុនេះហើយទើបគាត់ផ្តល់ទំនួលខុសត្រូវជាច្រើនដល់ Paul»។
ការលើកឡើងរបស់អតីតតារាឆ្នើមក្រុមតោខៀវរូបនេះកើតឡើងចំពេលដែលកំពុងតែមានការសង្ស័យថា Pogba និង Mourinho បានឈានដល់ដំណាក់កាលលែងនិយាយរកគ្នាហើយ។ កីឡាករជម្រើសជាតិបារាំងរូបនេះមិនបានចូលលេងទេ នៅពេល Man Utd ទទួលជ័យជម្នះក្នុងវគ្គប្រាំបីក្រុមចុងក្រោយនៅក្របខណ្ឌ FA Cup លើក្រុម Brighton និង Hove Albion ព្រមទាំងបានត្រឹមបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុង នៅពេលក្រុមទទួលបរាជ័យក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងរបស់ Sevilla ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅក្របខណ្ឌ Champions League ។
Pogba និង Mourinho បានមកកាន់ក្លឹបនេះទាំងពីរនាក់នៅឆ្នាំ ២០១៦ ដោយ Pogba ធ្លាប់លេងឲ្យ Man Utd កាលពីមុន ក្រោមការដឹកនាំរបស់ Sir Alex Ferguson ។ ពួកគេបានឈ្នះពាន League Cup និង Europa League នៅរដូវកាលឆ្នាំ ២០១៦/១៧ ប៉ុន្តែក្របខណ្ឌ FA Cup អាចជាឱកាសជាក់ស្តែងតែមួយគត់របស់ពួកគេសម្រាប់លើកពាននៅរដូវកាលនេះ ៕
ដោយ៖ Dara Hunii