
Sergio Aguero ខ្សែប្រយុទ្ធរបស់ Manchester City បាននិយាយថា គាត់ចង់វិលត្រឡប់ទៅកាន់ក្លឹបដំបូងរបស់គាត់នៅអាហ្សង់ទីនវិញ នៅពេលចប់កុងត្រាជាមួយ Man City នៅឆ្នាំ ២០២០។
Aguero ដែលបានអវត្តមានក្នុងការប្រកួតមិត្តភាពជាមួយអ៊ីតាលីកាលពីសប្តាហ៍មុនដោយសារបញ្ហារបួសនោះ បច្ចុប្បន្ននេះនៅជាប់កុងត្រារយៈពេលពីរឆ្នាំទៀតជាមួយក្លឹប ហើយគាត់ទំនងជាមិនបន្តកុងត្រាថ្មីទេ ។ ខ្សែប្រយុទ្ធមាឌតូចរូបនេះកំពុងតែធ្វើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរបស់គាត់ នៅមុនការប្រកួតនៅថ្ងៃអង្គារជាមួយអេស្ប៉ាញ។
គាត់បានមកលេងនៅក្លឹបនេះចាប់តាំងពីឆ្នាំ ២០១១ បន្ទាប់ពីចាកចេញពីក្លឹបនៅអេស្ប៉ាញ Atletico Madrid និងស៊ុតបញ្ចូលទីបានចំនួន ២១ គ្រាប់ នៅក្នុងយុទ្ធនាការនៃការប្រកួតក្នុងលីគដ៏ជោគជ័យនៅរដូវកាលនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានក្លាយទៅជាតារាឆ្នើមដ៏សំខាន់នៅ City ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យក្លឹបលើកពានក្នុងលីគនៅឆ្នាំ ២០១២ និងឆ្នាំ ២០១៤។
តាមបទសម្ភាសន៍ជាមួយ Fox Sports នៅអាហ្សង់ទីនកីឡាកររូបនេះថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ត្រឡប់ទៅកាន់ក្លឹប Independiente វិញ នៅពេលដែលកុងត្រារបស់ខ្ញុំត្រូវបានបញ្ចប់ជាមួយនឹងក្លឹបនៅឆ្នាំ ២០២០។ ប៉ុន្តែ ខ្ញុំមិនគិតពីរឿងនេះទេនៅពេលនេះ ។ ខ្ញុំកំពុងផ្តោតលើការបញ្ចប់រដូវកាលនេះដោយភាពជោគជ័យ និងឆ្ពោះទៅកាន់ការប្រកួត World Cup»៕
ដោយ៖ Dara Hunii